រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រសួងវប្បធម៌ ជំរុញ និងអំពាវនាវដល់យុវវ័យឲ្យបង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ

  • 4.2ពាន់
  • ដោយ Saraknorn

នៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្ប ធម៌ជាតិ» នៅអាគារពិព័រណ៍រូបថត ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានថ្លែងថា បច្ចុប្បន្នប្រទេសនានាលើពិភពលោក កំពុងតែអនុវត្តនយោបាយសកលភាវូបនីយកម្ម។ស្របជាមួយគ្នា នេះដែរ ប្រទេសនៅក្នុងសហគមន៍អាស៊ានក៏កំពុងតែធ្វើសមាហរណកម្មលើគ្រប់វិស័យ។ ដោយឡែកលើវិស័យសិល្បៈវប្បធម៌បរទេស ជាមួយនឹងការហូរចូលទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន វាបានមកដល់ប្រទេ សកម្ពុជាយើង ដូចនេះយុវជនយើងគ្រប់ស្រទាប់នាំគ្នាចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិខ្មែរយើងឲ្យបានគង់វង្ស។

ក្នុងឱកាសនោះដែរ លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានលើកឡើងថា ក្នុងគោលបំណងថែរក្សាវប្បធម៌ជាតិនេះ ក្រុមការងារមន្ទីរបានខិតខំ និងបន្ត ចងក្រងបញ្ជីសារពើភណ្ឌ ក្រុមសិល្បៈមហាជន និងសិល្បៈសូនរូបសិប្បកម្ម ដែលមានក្នុងខេត្តតាមទម្រង់តារាងស្រង់ទិន្នន័យ បឋមនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ក្រសួង។លោកស្រីបានឲ្យ ដឹងទៀតថា កន្លងមកនេះ មន្ទីរ បាននិងកំពុងតែបន្តចុះធ្វើការស្រាវជ្រាវព័ត៌មាន ក្នុងសហគមន៍ និងបានចងក្រងជាបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌអរូបី ដែលជិតបាត់បង់ ហើយក៏ត្រូវសង្គ្រោះ ជាបន្ទាន់ ព្រមទាំងពង្រឹងនូវគុណភាពចម្លាក់ សូន្យរូប ក្នុងការធានាឲ្យមានក្បួនខ្នាត ភ្ញីផ្កា របស់ខ្មែរ ព្រោះគ្រឿងសង្ហារឹមដែលកំពុងផលិតសព្វថ្ងៃ គឺច្រើនមានលក្ខណៈជាក្បាច់ភ្ញីផ្កាបរទេស ដូច្នេះហើយមន្ទីរបានចុះធ្វើការផ្សព្វផ្សាយណែនាំដល់ជាងផលិតទាំងនោះ ឲ្យផលិតជាលក្ខណៈខ្មែរវិញ។

ឯកឧត្តម អ៊ុក សុជាតិ បានថ្លែងបន្តទៀតថា ដើម្បីធ្វើឲ្យសិល្បៈវប្បធម៌យើងមាននិរន្តរភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ "អប់រំដើម្បីវប្បធម៌" និង "វប្បធម៌ដើម្បី អប់រំ" និងក្នុងគោលបំណង ដើម្បីថែរក្សាវប្បធម៌ជាតិ ឲ្យនៅគង់វង្សតកូនតចៅគ្រប់ជំនាន់នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវមានកាតព្វកិច្ច ក្នុងការចូលរួមថែរក្សានូវកេរដំណែលសម្បត្តិបិតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីទាំងឡាយរបស់បុព្វបុរសដូនតាយើង ដែលបានបន្សល់ទុកមក ក៏ដូចជាជួយផ្សព្វផ្សាយឲ្យដល់ជាតិសាសន៍ដទៃ បានដឹងបានស្គាល់ពីវប្បធម៌របស់យើងឲ្យបានទូលំទូលាយ និងក្នុងគោលបំណងដើម្បីថែរក្សានូវវប្បធម៌ជាតិឲ្យនៅគង់វង្សតកូនតចៅគ្រប់ជំនាន់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រការខាងលើនេះហើយ ប្រជាជនកម្ពុជាគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់នៅក្នុងការរួមចំណែក ថែរក្សា ការពារ វប្បធម៌ជាតិ ដោយឈរលើមូលដ្ឋាន "ការអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍លើមូលដ្ឋានអភិរក្ស" ហើយអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរវប្បធម៌ត្រូវខិតខំបណ្តុះបណ្តាលចំណេះដឹង និងបណ្តុះស្មារតី សេចក្តីស្រលាញ់ ដល់ស្រទាប់យុវវ័យ ជំនាន់ក្រោយក្នុងគោលបំណងដើម្បីឲ្យយុវជនគ្រប់ស្រទាប់នាំគ្នាចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិខ្មែរយើង៕មានវីឌីដូរខាងក្រោម៖

អត្ថបទទាក់ទង