នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបកិច្ចការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក អភិបាល អភិបាលរង ក្រុង ស្រុក លោក អនុប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែនរួមមាន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀនដែលជាមណ្ឌលចត្តាឡីស័ក ហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយចំបាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញផងដែរ។
សូមជម្រាបជូនដែរថា មណ្ឌលចត្តឡីស័កក្រុង ស្រុកមួយចំនួនបានធ្វើការលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងបានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនវិញហើយរួមមាន ៖ មណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង( វិទ្យាល័យព្រះមុន្នីវង្ស) មណ្ឌលចត្តាឡីស័កស្រុកថ្មគោល (វិទ្យាល័យជ្រៃ) និងមណ្ឌលចត្តាឡីស័កស្រុកសង្កែ(វិទ្យាល័យអន្លង់វិ) ។
គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពលករដែរលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កសរុបប្រមាណ ៣០៧៩នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ១៧១០នាក់ បញ្ជូនទៅបណ្តាខេត្តផ្សេងៗ ៣១៩នាក់ នៅសល់ក្នុងមណ្ឌលចត្តាឡីស័ក ១០៥០នាក់ ហើយករណីកើតថ្មីចំពោះពលករមានផ្ទុកជំងឺកូវិដ ១៩ សរុប ១៧នាក់ ជាសះស្បើយចំនួន ៧ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ចំនួន ១០ នាក់ផងដែរ៕