រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃនៅព្រឹកថ្ងៃពុធ ៧កើត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០៨មក មានអតីតនិស្សិតជាង២ម៉ឺននាក់ជាធនធានសំខាន់ក្នងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ក្នុងស្ថាប័នសាធារណៈ និងឯកជនជាង៩០ភាគរយ ក្នងវិស័យសំខាន់ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម ខណៈនៅថ្ងៃនេះសាកលវិទ្យាល័យផ្ដល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន២០២៣នាក់ ស្រី១០៥០នាក់ ក្នុងនោះនិស្សិតបរិញ្ញាបត្ររង១៣១នាក់ បរិញ្ញាបត្រ១៧៤៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៤៣នាក់។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាន៍ថាសាកលវិទ្យាល័យជាតិបាត់ដំបង ធ្លាប់មានឈ្មោះល្បីតាំងពីមុនសម័យសង្គ្រាមមកម្លេះ ហើយក្រោយពីបញ្ចប់ភ្លើងសង្គ្រាម រាជរដ្ឋាភិបាលបានរៀបចំដំណើរការសាកលវិទ្យាល័យនេះឡើងវិញ ដោយដាក់ជាសាលាសាកលវិទ្យាល័យជាតិគ្រប់គ្រង រហូតមានការកែសម្រួលបន្តបន្ទាប់។ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំឱ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ក្នុងនោះក៏មានការរៀបចំកែសម្រួលថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីធ្វើឱ្យសាកលវិទ្យាល័យកាន់តែមានកិត្យានុភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា និស្សិតដែលមានឱកាសសិក្សា លោកគ្រូអ្នកគ្រូដែលមានឱកាសបង្រៀននៅទីនេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាពពិតប្រាកដ នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមកាប់សម្លាប់អស់រយៈពេលជាច្រើនឆ្នាំ។ សម្ដេចបានចាត់ទុកសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍជាតិដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ ថាជាទ្រព្យសម្បត្តិមហាសាលដែលត្រូវរួមគ្នាថែរក្សា ៕

អត្ថបទទាក់ទង