រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តបាត់ដំបង

  • 966
  • ដោយ Sotheavy

នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តបាត់ដំបង នៅសណ្ឋាគារប្រេងស៊ីដង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញ ស្រុក ឃុំគោលដៅមួយចំនួន សមាជិក សមាជិកា ដែលជាសេវាករនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ុយ សុធាវី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូអភិវឌ្ឍន៍នានារួមមាន៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។ ព្រមទាំងក្រុមការងារអនុវត្គម្រោងទាំងអស់ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប នឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍។

លោក អភិបាលរង នៃគណៈអភិបាលខេត្ត និងជានាយកគម្រោងខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងសេវាករព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការស្តាប់បទបង្ហាញរបស់ក្រុមសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីឲ្យគម្រោងអនុវត្ត ទៅតាមគោលបំណង ដែលបានគ្រោងនិងការរំពឹងទុករបស់ខ្លួន។

គូសបញ្ជាក់ផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នងគោលបំណងផ្សព្វផ្សាយស្តីពីការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្មនិងចំណងទីផ្សាររបស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២។ និងដើម្បីបង្កើននូវការយល់ដឹងថ្មីជូនដល់មន្ត្រីពាក់ព័ន្ធខាងលើតាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។ ជាពិសេសក្រុមកែលម្អជីវភាព និងការសម្របសម្រួល និងការច្របាច់បញ្ចូលរវាងអ្នកទិញនិងក្រុមកសិករផលិត ក្នុងគោលបំណងជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង ( TSSD-AF)។

សូមជម្រាបជូនថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ដោយអនុវត្តលើខេត្តចំនួន៧ ក្នុងនោះមាន ខេត្តបាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កំពង់ធំ, សៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តបាត់ដំបង មានស្រុកគោលដៅនៃគម្រោងមានចំនួន៤ស្រុកនិងឃុំចំនួន៣០៕

អត្ថបទទាក់ទង