រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការគ្រប់គ្រង និងការកើនឡើងការផ្ទុះជំងឺកូវីដ ១៩ ចំពោះពលករទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកជាយដែនចំនួន ៣ ដែលជាប់ព្រំប្រទល់ប្រទេសថៃ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការគ្រប់គ្រងពលករវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ដែលជាប់ព្រំប្រទល់ប្រទេសថៃ ខេត្តបាត់ដំបង នៅវិទ្យាល័យកំរៀង ស្រុកកំរៀង ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្នងការ ស្នងការរងនគរបាលខេត្ត  លោកអភិបាល អភិបាលរង ស្រុកទាំង ៣ កម្លាំងវរៈការពារព្រំដែន កម្លាំងយោធភូមិភាគទី៥ និងកម្លាំងចម្រុះពាក់ព័ន្ធនានាជាច្រើនទៀត។

ដោយមានការលំហូរចូលពលករខ្មែរនៅតាមបន្ទាត់ព្រំដែននៅតែបន្តមានជាហូរហែរពីមួយថ្ងៃទៅមួយថ្ងៃប្រមាណជាង ៥០ ទៅ ១០០ នាក់ និងមានការកើនឡើងការផ្ទុះជំងឺកូវីដ ១៩  ។ ឯកឧត្តម ងួន រតនៈ បានដឹកនាំកិច្ចប្រជុំបន្ទាន់  ដើម្បីមានវិធានការបន្ថែមចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃ និងក្តាប់សភាពការណ៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនផងដែរ ។

លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាលស្រុកកំរៀង បានឱ្យដឹងថា តាមរយៈទាហានទំនាក់ទំនងកម្ពុជា-ថៃ និងការផ្តល់ព័ត៌មានពីភាគីថៃ គឺថាមានករណីសង្ស័យពលករមួយចំនួន ដែលវិលត្រឡប់ពីប្រទេសថៃមានផ្ទុកជំងឺកូវិដ ១៩ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំពួកគាត់ឱ្យរស់នៅដាច់ដោយឡែកពីពលករផ្សេងៗ ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលស្រុក ត្រូវរៀបចំបន្ទប់ទឹកបន្ថែម និងរៀបចំផ្លូវឱ្យពួកគាត់សម្រាប់ប្រើប្រាស់ ដើម្បីជៀសវៀងការប្រើប្រាស់ជាមួយពលករផ្សេងទៀត និងបន្ថែមកម្លាំងយាមការឱ្យបានច្បាស់លាស់នៅបន្ទាត់ព្រំដែន កុំមានការថ្លោះធ្លោយ និងបន្តដាក់កម្លាំងឆែករថយន្តតាក់ស៊ី នៅតាមដងបន្ថែម ជៀសវៀងកុំឱ្យពួកគាត់ធ្លាយទៅដល់មូលដ្ឋានផ្សេងៗផងដែរ៕

អត្ថបទទាក់ទង