រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 635
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកមួយចំនួន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធមួយចំនួនជាច្រើនអ្នកទៀត ។

ក្រោយពីធ្វើការស្ដាប់នូវរបាយការណ៍ និងការរាយការណ៍រួចមក ឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការកោតសរសើរចំពោះកងកម្លាំងប្រដាប់ទាំងអស់ដែលបានចូលរួមសហការក្នុងការទប់ស្កាត់ល្បែងស៊ីសងនានា ដែលកើតមាននៅតាមស្រុកភូមិបានយ៉ាងមានប្រសិទ្ធិភាព ។ ម្យ៉ាងទៀតសូមឲ្យអាជ្ញាធរមូលដ្ឋានចូលរួមក្នុងវិធានការភូមិឃុំមានសុវត្ថិភាព បង្រ្កាបបទល្មើសនានាឲ្យមានប្រសិទ្ធិ ធ្វើការណែនាំប្រជាពលរដ្ឋស្ដីពីច្បាប់ចរាចរណ៍ផ្សេងៗ ជាពិសេសកាត់បន្ថយអាត្រាការស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗទៀត មិនថាគ្រោះថ្នាក់ចរាចរណ៍ឡើយ វាប៉ះពាល់ដល់ការងារសង្គម ធ្វើឲ្យមានការខ្វះខាតកម្លាំងពលកម្មក្នុងគ្រួសារ និងសង្គមជាដើម ។

ទាក់ទងនឹងបញ្ហាតាមស្ថានីយ៍ចាក់ប្រេងឥទ្ធនៈទាំងអស់ ឯកឧត្តម បានណែនាំឲ្យមន្រ្ដីជំនាញរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះតាមដាន និងត្រួតពិនិត្យជាប្រចាំដោយផ្ទាល់នៅតាមស្ថានីយ៍ចាក់ប្រេងឥទ្ធនៈនានាក្នុងខេត្ត ហើយធ្វើការណែនាំ និងចាត់វិធានការភ្លាមៗ តាមនីតិវិធីដែលបានចែង បើសិនបើរកឃើញថា ការចាក់ប្រេងមិនគ្រប់ចំណុះត្រឹមត្រូវ ប្រេងឥទ្ធនៈគ្មានគុណភាព និងមិនសុទ្ធ ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ហើយក៏ដើម្បីចៀសនូវភាពមិនពេញចិត្តដែលកន្លងមកមានមតិរិះគន់ជាច្រើនពាក់ព័ន្ធនឹងបញ្ហាប្រេងឥទ្ធនៈ ។

នាឱកាសបើកបវេសនកាលឆ្នាំថ្មីកន្លងទៅថ្មីនេះ មានសាលាមួយចំនួនក្នុងខេត្តបាត់ដំបង បើកដំណើរការធម្មតា ហើយសាលារៀនមួយចំនួនមិនទាន់អាចបើកដំណើរការបាន ដោយសារសាលាមួយចំនួនជាប់ភារកិច្ច ក្នុងការធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងនោះឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍សូមឲ្យមានការយោគយល់ដល់អាណាព្យាបាលសិស្ស ព្រោះនេះគឺជាភារកិច្ចរបស់ខេត្ត តាមការណែនាំរបស់សម្ដេចតេជោហ៊ុនសែន ក្នុងការដាក់ពលករដែលមកពីប្រទេសនៅតាមព្រំដែន ដោយប្រការនេះវាល្អប្រសើរជាងពេលដែលដឹកពលករទៅបណ្ដាស្រុកផ្សេងៗ ឬខេត្តផ្សេង ដែលអាចប្រឈមទៅនឹងការបិទសាលាទូទាំងខេត្ត ឈានទៅដល់ទូទាំងប្រទេសទៀត ។ ឯកឧត្តម បានបន្តថាឲ្យអាជ្ញាធរមូលដ្ឋានរៀបចំទីកន្លែងត្រឹមត្រូវ ឬសាលារៀនខ្នាតតូចផ្សេងទៀត ប្រសិនបើចំនួនពលករដែលធ្វើចត្តាឡីស័កមានចំនួនតិច ព្រោះមណ្ឌលចត្តាឡីស័កខ្លះមានចំនួនពលករដែលនៅសល់តែ៥-៦នាក់តែប៉ុណ្ណោះ ហើយប្រើប្រាស់សាលារៀនខ្នាតធំ ធ្វើឲ្យចំនួនសិស្សមួយចំនួនធំមិនអាចបន្តការសិក្សាបាន ដូចនេះត្រូវរកសាលា ឬបឋមសិក្សាណាដែលខ្នាតតូចសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ហើយឲ្យសាលាវិទ្យាល័យ ឬអនុវិទ្យាល័យដែលមានចំនួនសិស្សច្រើនបន្តការសិក្សាផងដែរ ៕

អត្ថបទទាក់ទង