រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី(Tzu Chi) ដោយមានការសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង

  • 814
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៦,៥៤៨នាក់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង នាពេលកន្លងទៅថ្មីៗនេះ ។

អំណោយដែលជាគ្រឿងឧបភោគបរិភោគនេះ គឺជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី( Tzu Chi) ហើយព្រមទាំងមានការសហការរៀបចំ និងសម្របសម្រួលដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងក្រុមការងារសិស្ស និស្សិត អាហារូបករណ៍សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតខេត្តបាត់ដំបង(អ.ម.ត) និងស.ស.យ.ក ស្រុកបវេល ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ស្រុកបវេលនេះជាស្រុកមួយដែលទទួលរងនូវផងប៉ះពាល់ធ្ងន់ជាងគេ ដោយសារតែជំនន់មកពីខេត្តប៉ៃលិនផង និងស្រុកព្រំដែនទាំង៣គឺស្រុកសំពៅលូន កំរៀង និងភ្នំព្រឹកជាដើម បង្កឲ្យមានការខូចខាតដំណាំប្រជាពលរដ្ឋ និងផ្ទះសម្បែងមួយចំនួនទៀតបានធ្វើឲ្យប្រជាពលរដ្ឋអាក់ខាននូវការប្រកបអាជីវកម្មទៀតផង ។ ឯកឧត្តមបានបន្តទៀតថា កន្លងមកសម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសខេង សម្ដេចតែងតែគិតគូរប្រជាពលរដ្ឋជាប់ជានិច្ច ក្នុងកំឡុងពេលដែលប្រជាពលរដ្ឋជួបនូវគ្រោះធម្មជាតិនេះ ហើយតាមរយៈក្រុមការងារចុះជួយស្រុកបវេល ក៏បានធ្វើការរៀបចំចែកជូនជាអំណោយសង្រ្គោះបឋមជាបន្តបន្ទាប់រួចមកហើយដែរ ដើម្បីបំពេញសេចក្ដីត្រូវការបានមួយរយៈពេលដែលប្រជាពលរដ្ឋរងគ្រោះ និងជម្លៀសខ្លួនចេញពីផ្ទះសម្បែង ។

ឯកឧត្តម បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានរៀបចំការចែកជូនជាអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក ដែលនេះបានបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក មិនប្រកាន់ការរើសអើងពូជសាសន៍ ពណ៌សម្បុរភេទអ្វីឡើយ គឺជួយគ្នាដោយចិត្តនឹងចិត្តក្នុងនាមជាមនុស្សធម៌ ជាមនុស្សដែលរស់នៅក្នុងសកលលោករួមគ្នាផងដែរ ។

ឯកឧត្តម បានមានប្រសាសន៍ស្ដីពីការរីកចម្រើននៃស្រុកបវេល ដែលពីស្រុកបវេលធ្លាប់ជាស្រុកដែលនៅជាយឆ្ងាយជាងគេ នៅមិនសូវមានការអភិវឌ្ឍច្រើន តែថ្ងៃនេះសង្កេតឃើញថាស្រុកបវេលជាស្រុកសក្ដានុពលពាណិជ្ជកម្មដ៏ធំមួយផងដែរក្នុងខេត្ត ដោយសារតែមានសន្ដិភាពពេញលេញ ធ្វើឲ្យស្រុកមួយនេះមានជាទីប្រជុំជន ផ្សារ និងជាពិសេសចាប់ផ្ដើមកកើតឡើងនូវសំណង់ផ្ទះល្វែងជាបន្តបន្ទាប់ និងបង្កើតការងារប្រជាពលរដ្ឋជិត៤០០នាក់ក្នុងមួយថ្ងៃ ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមដាំដំណាំបែបចម្រុះ ដោយមិនធ្វើការដាំដំណាំស្រូវតែមួយមុខដូចមុនឡើយ គឺដាំបន្លែបង្ការនានា ដើម្បីយកទៅលក់នៅឯទីផ្សារបង្កើនប្រាក់ចំណូលបន្ថែមទៀត ។

ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការរក្សាអនាម័យក្នុងសម័យកាលនៃជម្ងឺកូវីដ-១៩នេះ ដោយត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ និងអំពាវនាវដល់ពលករចំណាកស្រុកនៅប្រទេស ជាពិសេសនៅពេលប្រជាពលករចំណាកស្រុកបានត្រឡប់មកវិញហើយ សូមធ្វើការស្ដាប់តាមការណែនាំរបស់អាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងដែលអាជ្ញាធរបានរៀបចំទុក ហើយសូមកុំឲ្យមានការខឹងសម្បារនឹងអាជ្ញាធរព្រោះដើម្បីឲ្យប្រទេសនេះគ្មានការរីករាលដាលក្នុងសហគមន៍នៃជម្ងឺនេះទេ ទាមទារឲ្យមានការចូលរួមដោយប្រជាពលរដ្ឋទើបយើងជោគជ័យក្នុងការទប់ស្កាត់ជម្ងឺនេះបាន ៕

អត្ថបទទាក់ទង