រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អំពាវនាវដល់អ្នកបម្រើសេវាកម្មដឹកជញ្ជូន មានការរប្រុងប្រយ័ត្ន និងចូលរួមរួមទប់ស្កាត់ជំងឺកូវីដ១៩

  • 848
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តសំណេះសំណាល និងចែកស្បៀងដល់អ្នករត់កង់បី និងផាស់ស្អាប់ ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ការអំពាវនាវដល់អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដែលមានអ្នករត់ម៉ូតូកង់បី និងផាស់ស្អាប់ជាដើម ត្រូវបន្តប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ខណៈនេះនៅប្រទេសថៃ មានការឆ្លងរីករាលដាលច្រើននូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ហើយពលករខ្មែរកំពុងធ្វើការនៅទីនោះ ក៏បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញដោយអ្នកខ្លះក៏បានឆ្លងជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងពលករផ្សេងៗទៀត ត្រូវបានធ្វើចត្តាឡីស័កដោយត្រឹមត្រូវ ។
ឯកឧត្តមបន្តថា ដោយបញ្ហានេះ ក៏បានធ្វើឲ្យមានការព្រួយបារម្ភ ដូច្នេះសូមបងប្អូនជាអ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងអស់ សូមមានការប្រុងប្រយ័ត្ន អនុវត្តនូវវិធានការអនាម័យ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនឹងទឹកស្អាត ជែល អាល់កុល ហើយត្រូវរក្សាគម្លាតសង្គមជាដើម ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នករត់កង់បី និងផាស់ស្អាប់ ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់ក្រុង តាមរយៈការបើកបរ និងការចតឲ្យមានរបៀបរៀបរយចៀសវាងបង្កការរំខានដល់ភ្ញៀវទេសចរណ៍ ឬអ្នករួមដំណើរលើផ្លូវតែមួយ ហើយក៏ត្រូវត្រៀមជានិច្ច នូវការទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅក្នុងខេត្ត ដើម្បីស្ដារជីវភាពឡើងវិញ នៅពេលជំងឺកូវីដ១៩ បានធូរស្បើយទៅវិញនៅទូទាំងពិភពលោក ខណៈបញ្ហាជំងឺដ៏កាច់សាហាវនេះ បានប៉ះពាល់ដល់មុខរបរអ្នកបម្រើសេវាកម្មដឹកជញ្ជូនទាំងអស់នេះ ។
តំណាងអ្នកពលរដ្ឋ ទទួលបានអំណោយពីឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយពួកគាត់សន្យា នឹងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ។

គួរបញ្ជាក់ថា អំណោយផ្ដល់ជូនអ្នករត់កង់បី និងរត់ផាស់ស្អាប់នោះ រួមមានអង្ករ ត្រីខ សាប៊ូលាងដី ទឹកសុទ្ធ និងថវិកាមួយចំនួន ៕

អត្ថបទទាក់ទង