នៅរសៀលថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលបេតុងមួយខ្សែនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរជាងមុន និងជាពិសេសដើម្បីលើកសោភ័ណភាពក្រុងបាត់ដំបងផងដែរ ។
សូមជម្រាបជូនដែរថា ផ្លូវបេតុងមួយខ្សែ ដែលមានបណ្ដោយ១៨០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ត្រូវបានកសាងឡើងដោយគម្រោងថវិការបស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានទីតាំងចាប់ពីសាលាបឋមសិក្សាអូរតាំគាំ១ ដល់ផ្លូវជាតិលេខ៥ ដើម្បីបម្រើនូវផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ការប្រាស័យទាក់ទងគ្នាទៅវិញទៅមក និងការដឹកជញ្ជូនទំនិញ កសិផលនានាផងដែរ ក្រោយពីរងការខូចខាតអស់ជាច្រើនឆ្នាំនិងជាពិសេសរងការខូចខាតដោយទឹកជំនន់កន្លងមកនេះ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្ដោយផ្លូវ និងសូមឲ្យមានការយោគយល់ដល់ក្រុមការដ្ឋានសាងសង់ផ្លូវ ជាពិសេសសូមឲ្យមានការអាធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីឲ្យការស្ថាបនាប្រកបដោយរលូន ហើយចូលរួមថែរក្សាសម្បត្តិសាធារណៈឲ្យបានគង់វង្សជាប់បានយូរអាចប្រើប្រាស់បានរាប់ឆ្នាំ រហូតដល់កូនចៅជំនាន់ក្រោយផងដែរ ៕