នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព ការិយាល័យនានាចំណុះរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។
លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបាត់ដំបង បានអានអនុក្រឹត្យ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំង លោក ជា សម្បត្តិ ជាអភិបាល នៃគណៈអភិបាលស្រុកថ្មគោល លោកស្រី សៀង ផាវី ជាអភិបាលរង នៃគណៈអភិបាលស្រុក និងលោក ណាក់ ណុល ជានាយករដ្ឋបាលសាលាស្រុកថ្មគោល ។
ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើលោក អភិបាល នៃគណៈអភិបាលស្រុក ផែនការប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ជាមួយសហគមន៍ប្រើប្រាស់ទឹក ដើម្បីជៀសវាងការបង្កទំនាស់រវាងសហគមន៍នឹងសហមគមន៍ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍នូវបរិមាណកំរិតប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវក្នុងរដូវប្រាំងផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយ និងវិធានការ ដើម្បីឱ្យបងប្អូនប្រជាកសិករយល់ដឹងអំពីការធ្វើស្រែប្រាំងនេះមានសារៈសំខាន់ណាស់ ក្នុងការជួយពួកគាត់កុំខាតបង់ការខូចខាតដោយទឹកជំនន់ម្តងហើយ និងខូចខាតដោយសារតែធ្វើស្រូវប្រាំងម្តងទៀត នៅចុងរដូវ ដែលយើងគ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ឱ្យគាត់ធ្វើស្រែប្រាំងបានផងដែរ៕