នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធីបតីថ្លែងសុន្ទរកថា បើកក្នុងទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា ក្រោមប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
លោក ខែម រស្មី ប្រធានសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា ប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទិវាសប្ដាហ៍សហគ្រិនភាពសកល គឺជាទិវាដែលត្រូវបានរៀបចំឡើងនៅលើសកលលោកទាំងមូលជារៀងរាល់ឆ្នាំ និងសប្ដាហ៍ជាមួយគ្នា ដែលជាទូទៅគឺប្រារព្ធឡើងក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ។ គោលបំណងនៃការធ្វើទិវានេះឡើង គឺដើម្បីលើកទឹកចិត្តដល់បងប្អូន និស្សិត ឬអាជីវករផ្សេងៗ ដែលមានបំណងចង់បង្កើតអាជីវកម្ម ឬកំពុងតែដំណើរការអាជីវកម្ម ឲ្យយល់ដឹងបន្ថែមទៀតផ្នែកទីផ្សារ បច្ចេកវិទ្យានានាឲ្យទាន់នៃយុគសម័យបច្ចេកវិទ្យា និងអាចចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រកបអាជីវកម្មបានច្បាស់លាស់ ជាមួយនឹងវាគ្មិនដែលមានបទពិសោធន៍រាប់ឆ្នាំ និងមានជំនាញច្បាស់លាស់ទៅលើទីផ្សារឌីជីថលនេះ។ លោកបានបន្តទៀតថា ការលើកទឹកចិត្ត និងបង្កើនឲ្យមានសហគ្រិនវ័យក្មេងកាន់តែច្រើន ដើម្បីឲ្យគាត់បង្កើតអាជីវកម្ម គឺជាការចូលរួមបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋក៏កាន់តែមានការកើនឡើងបានមួយកម្រិតផងដែរ ។
លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ និស្សិតទាំងឡាយដែលជាសហគ្រិនត្រូវតែមានសមត្ថភាពខ្ពស់ទាំងផ្នែកទីផ្សារ និងផ្នែកបច្ចេកវិទ្យា ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ហើយការប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាក៏កាន់តែមានច្រើន ទាមទារឲ្យសហគ្រិនទាំងអស់ច្បាស់លាស់ផ្នែកទាំងនេះ ។
លោកបានបន្តទៀតថា ស្របពេលប្រទេសជាតិកំពុងបន្តការរីកចម្រើន សហគ្រិនវ័យក្មេងក៏ជារចនាសម្ព័ន្ធស្នូលមួយក្នុងការបណ្ដុះកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើនបន្តទៅមុខទៀត បង្កើននូវប្រាក់ចំណូលប្រទេសជាតិ បង្កើននូវជីវភាពប្រជាជនឲ្យកាន់តែកើនឡើងជាលំដាប់ ។ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឲ្យឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សូមលើកទឹកចិត្តដល់សិស្សនិស្សិត ដែលជាសហគ្រិនឲ្យបន្តការយកចិត្តទុកដាក់ ដើម្បីឲ្យកាន់តែមានភាពជោគជ័យបន្តទៅមុខទៀត ដើម្បីរក្សាកំណើនសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែបន្តទៅមុខទៀត ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទពិសោធន៍វាគ្មិនធ្វើបទបង្ហាញ ដើម្បីយកទៅអនុវត្តន៍ឲ្យចំគោលដៅ ចៀសវាងការធ្វើអាជីវកម្មតាមគ្នាដោយមិនបានសិក្សាទីផ្សារពីមុន អាចបណ្ដាលឲ្យអាជីវកម្មនោះមិនមានភាពរីកចម្រើនផងដែរ ៕