នៅព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធិភូមិភាគទី ៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០) នៅមុខសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំង និងសិស្សានុសិស្សជាច្រើនផងដែរ។
ឯកឧត្តម ងួន រតនៈ បានថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០) ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៩ នូវឯករាជ្យដ៏ពិតប្រាកដ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតកោដ្ឋ ព្រះករុណព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតាជាតិនៃយើងទាំងអស់គ្នា ។ ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងបានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នា និងទិវាកំណើតកងយោងធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុសង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗមួយចំនួនស្តីពីព្រះរាជសកម្មភាពស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ ព្រះបរមរតកោដ្ឋ ព្រះករុណព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតាជាតិ ក្នុងបុព្វហេតុស្វែងរកឯករាជ្យជាតិអធិបតេយ្យភាពជាតិជូនប្រជារាស្ត្ររបស់ព្រះអង្គ នាថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ និងបានចារិកជាប្រវត្តសាស្ត្រក្នុងការផ្ទេរអំណោយទាំងអស់របស់ពួកអាណានិគមនិយមបារាំង ហើយប្រទេសកម្ពុជាក៏ទទួលបានឯករាជ្យពេញបរិបូរណ៍ចាប់ពីពេលនោះប្រជាពលរដ្ឋទូទាំងប្រទេសបានប្រសិទ្ធនាមថ្វាយព្រះអង្គថា ព្រះបិតាឯករាជ្យជាតិ ជារៀងដរាប តរៀងមក។
ក្នុងឱកាសពិធីអបអរសាទរខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០) គណៈអធិបតី បង្ហោះប៉េងប៉ោង ដើម្បីអបអរសាទរអង្គពិធីផងដែរ៕