រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អំណោយសម្ដេចក្រឡាហោម ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន១០០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ នៅស្រុកព្រំដែនកម្ពុជា ថៃ ចំនួន៣ ក្នុងខេត្តបាត់ដំបង

  • 584
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរជំនាញផ្សេងៗក្នុងខេត្ត ចូលរួមពិធីចែកអំណោយដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ចំនួន១ ០០០គ្រួសារដែលមកពីស្រុកចំនួន៣ដោយក្នុងនោះ ស្រុកកំរៀង៤០០គ្រួសារ ស្រុកភ្នំព្រឹក៣០០គ្រួសារ និងស្រុកសំពៅលូន៣០០គ្រួសារ ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងគណៈប្រតិភូ ។

អំណោយដែលធ្វើការចែកជូននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តាមរយៈក្រុមអ្នកម្ដាយមនុស្សធម៌ ដែលមានលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ជាប្រធានកិត្តិយស ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ពាំនាំការសួរទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចក្រឡាហោម សខេង ដែលលោកតែងតែមានការគិតគូរទៅដល់សុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះនូវគ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ ។ ឯកឧត្តម បានបន្តទៀតថា ទឹកជំនន់នេះមិនត្រឹមកើតតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺកើតឡើងនៅសឹងបណ្ដាប្រទេសជុំវិញប្រទេសកម្ពុជា ជាពិសេសប្រទេសវៀតណាមដែលជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសាររងផលប៉ះពាល់ដោយសារព្យុះនានា បោកបក់មកកាន់ប្រទេសនេះ ហើយបានជះឥទ្ធិពលមកប្រទេសកម្ពុជាយើងផងដែរ ។ ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ បន្ទាប់ពីទឹកសម្រកទៅអស់ សូមធ្វើការបង្កើនការដាំដុះបន្ថែម ផ្នែកដំណាំកសិកម្ម បន្លែបង្ការដែលងាយនឹងដាំ និងងាយទទួលបានផលដើម្បីធ្វើការស្ដារជីវភាពប្រចាំថ្ងៃ ជាពិសេសត្រូវស្ដាប់តាមការណែនាំរបស់មន្រ្ដីជំនាញ ។

ឆ្លៀតក្នុងឱកាសនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ដែលប្រព្រឹត្តនៅថ្ងៃទី២១ ខែធ្នូ ឯកឧត្តម ស សុខា ក៏បានធ្វើការអំពាវនាវដល់អាណាព្យាបាលជំរុញឲ្យទៅប្រឡងចប់ចុង ចប់ដើម បើទោះបីជាបានជោគជ័យ ឬមិនបានជោគជ័យក្ដី ក៏ត្រូវតែប្រឡង និងខិតខំឲ្យអស់លទ្ធភាពតាមតែអាចធ្វើបាន ទាំងការទន្ទេញ និងអនុវត្ត ព្រមទាំងត្រៀមខ្លួនរួចជាស្រេចដែលសល់រយៈពេលជាងមួយខែទៅមុខទៀតនេះ ហើយត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែសឡើយព្រោះកូវីដ-១៩ នៅតែជាបញ្ហាសកលដែលមិនទាន់មានដំណោះស្រាយនៅឡើយ ។

សូមបញ្ជាក់ផងដែរថា ចំពោះអំណោយដែលចែកជូននាពេលនេះ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរ និងទឹកបរិសុទ្ធផងដែរ ។

ចំណែកនៅរសៀលថ្ងៃខែឆ្នាំដដែល គណៈប្រតិភូក្រុមអ្នកម្ដាយមនុស្សធម៌ ដែលមានលោកជំទាវ ញ៉ែម សាខន ជាប្រធានកិត្តិយស ឯកឧត្តម អ៊ុយ រីប្រធានក្រឹមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងអ្នកអមដំណើរ នឹងអញ្ជើញចូលរួមចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ក្នុងក្រុងបាត់ដំបងចំនួន ៥០០គ្រួសារបន្ថែមទៀត ក្នុងបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ៕

អត្ថបទទាក់ទង