រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក យឹម សៀប ចូលរួមជាអធិបតីក្នុងកម្មវិធីសន្និសីទសារសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង «ឆ្នាំទី១»

  • 813
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក នៅសាលប្រជុំសាលាខេត្តបាត់ដំបង អគារE ក្រោមអធិបតីភាព លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង។ កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង និងដោយមានការចូលរួមពី មន្ត្រីរាជការក្នុងខេត្ត ក្រុមអ្នកស្រលាញ់កីឡាជិះកង់ អាជីវករ និងក្រុមហ៊ុន សរុប ៥០នាក់។

ឯកឧត្តម អេ សុភា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ថា សន្និសីទនេះ មានបំណងផ្ដល់ជាព័ត៌មាននិងផ្សព្វផ្សាយដល់ក្រុមហ៊ុន អាជីវកម្មក្នុងខេត្តក៏ដូចជាក្នុងប្រទេស បានជ្រាបពីព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង ដើម្បីទេសចរណ៍ ការអប់រំ និងសុខភាពកុមារ «ឆ្នាំទី១» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ និងដើម្បីផ្សព្វផ្សាយដល់សាធារណៈជនក្នុងនិងក្រៅខេត្ត ដែលស្រលាញ់ការហាត់ប្រាណដើម្បីសុខភាព និងការជិះកង់កម្សាន្ត ព្រមទាំងចូលរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ និងកិច្ចការមនុស្សធម៌ ។

លោក យឹម សៀប ក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រព្រឹត្តិការណ៍ជិះកង់ខេត្ត និងបានបញ្ជាក់ថា រដ្ឋបាលខេត្តត្រៀមសហការជាមួយគណៈកម្មការដើម្បីជម្រុញអោយដំណើរការរៀបចំព្រឹត្តិការណ៍នេះបានដោយរលូន និងបន្តផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដល់មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ដើម្បីអោយមានអ្នកចូលរួមបានច្រើនកុះករ និងដើម្បីរៃអង្គាសថវិកាទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួយកសាងសាលារៀននៅតំបន់ដាច់ស្រយាលក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍ដែលបានផ្ដួចផ្ដើម ឱ្យមានព្រឹត្តិការណ៍ជិះកង់ដើម្បីមនុស្សធម៌ និងកិច្ចការសង្គមនេះឡើង។

សូមបញ្ជាក់ផងដែរថា ដើម្បីចូលរួមក្នុងក្នុងព្រឹត្តិការណ៍ជិះកង់នេះ សាធារណៈអាចទំនាក់ទំនងចុះឈ្មោះតាមរយៈសមាគមសហគ្រិនឈានមុខ ដែលមានទីតាំងនៅក្នុងបរិវេណផ្សាទំនើបភួពុយ និងបណ្ណាគា ឆេង លី ផ្លូវលេខ២ ជិតសាលាអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង ។

សម្រាប់ព័ត៌មានបន្ថែម សាធារណៈអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 010 68 63 25។

អត្ថបទទាក់ទង