នៅព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការ កងម្លាំង សិស្សនិស្សិត ចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងបាត់ដំបង នាឱកាសទិវាពិភពលោកស្អាត លើកទី៣ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងសិស្សនិស្សិតជាច្រើនកុះកកផងដែរ។
ឆ្លៀតក្នុងឱកាសទិវាពិភពលោកស្អាត លើកទី៣ នោះដែរ ឯកឧត្តម ងួន រតនៈ អានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ "ទេសចរណ៍ និងការអភិវឌ្ឍជនបទ "
សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង ក៏សេចក្តីជូនដំណឹងបំផុសឱ្យមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ព្រះចៅអធិការគ្រប់វត្តអារាម រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គណៈកម្មការផ្សា សមគមន៍ អង្គការស៊ីវិល ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមក្នុងយុទ្ធនាការស្អាតអនាម័យ បរិស្ថាន ដើម្បីអបអរ "ទិវាពិភពលោកស្អាត លើកទី៣" និង"ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០" ផងដែរ៕