នៅរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសម ជាមួយ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងបាននាំយក ម៉ាស់ និងទឹកអាកុលលាងដៃសម្លាប់មេរោគ ដែលជាជំនួយរបស់គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលក្នុងនោះរួមមានម៉ាស់ចំនួន៥,០០០ម៉ាស់ ទឹកអាកុលលាងដៃសម្លាប់មេរោគចំនួន៥០០ដប ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការររីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ និងសូមកោតសរសើរដល់ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បើទោះបីជាទីក្រុងដាណាំងធ្លាប់មានការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដំណាក់កាលទី២នៅទីក្រុងដាណាំងរួចមក ក៏នៅតែឆ្លៀតជួយជាឧបត្ថម្ភជាម៉ាស ជាទឹកអាកុលលាងដៃជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលនេះសបញ្ជាក់អំពីចំណងមិត្តភាពល្អនឹងគ្នាទៅវិញទៅមក ជួយគ្នាក្នុងគ្រាមានអាសន្នផងដែរ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះម៉ាស់និងអាកុលដែលទទួលបាននេះ រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំចែកជូនទៅតាមសាលារៀននានាក្នុងខេត្ត សម្រាប់ចែកជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានការខ្វះខាត ដើម្បីធ្វើយ៉ាងណាឲ្យការសិក្សារបស់សិស្សានុសិស្សប្រកបសុខភាពល្អ និងគ្មានជម្ងឺកូវីដ-១៩មកបៀតបៀនឡើយ ៕