រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកកិច្ចប្រជុំពិភាក្សាការរៀបចំកែលម្អ ប្រព័ន្ធភ្លើងអគ្គីភ័យ ប្រព័ន្ធទឹក បរិស្ថាននានាទាំងជុំវិញផ្សារ និងក្នុងផ្សារធំបាត់ដំបង ដើម្បីការពារនូវហនិភ័យ ដែលកើតឡើងជាយថាហេតុ នៅសាលប្រជុំសាលាខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាល រងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចពិភាក្សាការរៀបចំកែលម្អ ប្រព័ន្ធភ្លើងអគ្គីភ័យ ប្រព័ន្ធទឹក បរិស្ថាននានាទាំងជុំវិញផ្សារ និងក្នុងផ្សារធំបាត់ដំបង ដើម្បីការពារនូវហនិភ័យ ដែលកើតឡើងជាយថាហេតុ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក នាយក នាយករង រដ្ឋបាលខេត្ត លោកនាយកទីចាត់ការ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោកប្រធានមន្ទីរអគ្គីសនីបាត់ដំបង លោក អភិបាល អភិបាលរង ក្រុង និងអ្នកពាក់ព័ន្ធមួយចំនួន។

នៅក្នុងកិច្ចប្រជុំពិភាក្សាក៏មានធ្វើបទបង្ហាញពីលោកប្រធានអគ្គីសនីបាត់ដំបង អំពីលក្ខណៈបច្ចេកទេសការរៀបចំប្លង់ខ្សែបណ្តាញចែកចាយនៅក្នុងបរិវេណផ្សារធំបាត់ដំបង និងមានបទបង្ហាញពីមន្ទីរវិស័យពាក់ព័ន្ធមួយចំនួនទៀតដូចជា អង្គភាពរដ្ឋាករទឹក មន្ទីររៀបចំដែនដី និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងថា ចំពោះមុខរដ្ឋបាលខេត្តបានគ្រោងរៀបចំកន្លែងលក់ជាបណ្តោះអាស័យជូនដល់បងប្អូនអាជីវករ ១៨ នាក់ ដែលរងការខូចខាតអស់តូបចំនួន ៣៣ តូប ដោយអគ្គីភ័យឆាប់ឆេះផ្សារធំបាត់ដំបងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ដើម្បីទុកលទ្ធធ្វើការជួសជុលកែលម្អរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ទៅលក្ខណៈបច្ចេកទេស ដើម្បីបង្កាការពារជៀសវៀងការកើតឡើងជាថ្មីដោយយថាហេតុណាមួយម្តងទៀងផងដែរ។ លោកអភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀត ការរៀបចំផ្សារធំបាត់ដំបងនឹងយកធ្វើជាគំរូដល់ផ្សារដ៏ទៃៗក្នុងក្រុងបាត់ដំបង ហើយនិងបន្តឱ្យផ្សារនានាក្នុងត្រូវរៀបចំប្រព័ន្ធភ្លើងអគ្គីសនី ប្រព័ន្ធទឹក ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវៀងការកើតមានបញ្ហាអគ្គីសនីណាមួយជាយថាហេតុផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា ចំពោះការជួសជុលផ្សារ ការសាងសង់តូបលក់ដូរឡើងវិញក្នុងផ្សារជាបន្ទុករបស់រដ្ឋបាលខេត្ត អ្នកយកផាស៊ីផ្សារ និងអ្នកវិនិយោគផ្សារ ដោយឡែកការស្នើសុំមិនបង់ថ្លៃតូប រយៈប្រាំឆ្នាំ អាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងសម្រេចបានទេ ពីព្រោះហួសដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែរដ្ឋបាលនឹងរៀបចំស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ដើម្បីធ្វើការសម្រេច តាមសំណូមពររបស់ប្អូនអាជីករ ៕

អត្ថបទទាក់ទង