ព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ជួបសំណេះជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ។
ក្នុងដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីផលលំបាកបង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យ ក្នុងការអនុវត្តដំណើរការបើកឡើងវិញក្នុងដំណាក់កាលទី២ ក៍ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួមនៃស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់ ។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ ក៏ដូចជាប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែនាំនានាស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទន្ទឹមនេះ គណៈកម្មការ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំចូលរួមសហការជាមួយថ្នាក់ដឹកនាំសាលា ក្នុងការបន្តបង្រៀនដល់សិស្សានុសិស្ស បើទោះជាវិបត្តិកូវីដ១៩ បាន និងកំពុងបង្កការលំបាក ដែរទាមទារអោយមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការកែច្នៃ រិះរកយុទ្ធសាស្រ្តបង្រៀនស្របតាមសភាពការណ៍ និងការប្រើប្រាស់អ្វីដែលមានក្នុងដៃអោយអស់ពីសមត្ថភាព ដើម្បីធានាការផ្តល់ការអប់រំដល់សិក្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលការបើកសាលាឡើងវិញ ៕