រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អមដំណើរគណៈប្រតិភូរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យអាគារសាលាបឋមសិក្សា១ខ្នង ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ

  • 1.1ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរគណៈប្រតិភូ របស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីព្រះបរមរាជវាំង និងឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យអាគារសាលាបឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ដែលស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវអគារសិក្សា១ខ្នង មាន២ជាន់ ស្មើ២០បន្ទប់ អគារអនាម័យ១ខ្នង មានបង្គន់៦បន្ទប់ និងអាងទឹកចំនួន១ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ដែលកំពុងតែសាងសង់ និងជិតរួចរាល់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា អគារបឋមសិក្សា និងអនុវិទ្យាល័យសព្វថ្ងៃនេះ មានសភាពចាស់ទ្រុឌទ្រោមដែលអាចបង្កជាហានិភ័យនាពេលខាងមុខ ទើបសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានអគារសិក្សាថ្មី ដើម្បីឲ្យកូនចៅប្រជារាស្រ្ដបានចូលសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីបង្កើននូវធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនលូតលាស់តទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់សំអុល និងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យស្រះទឹកព្រះស្រែដ៏ធំមួយកន្លែង ជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាបងប្អូន កូនចៅរបស់ព្រះអង្គ មានទីតាំងស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ។

គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

អត្ថបទទាក់ទង