រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគរួម និងបច្ច័យចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ក្នុងវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 864
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគរួម និងបច្ច័យចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ក្នុងវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមដោយប្រធានមន្ទីរជំនាញក្នុងខេត្តបាត់ដំបង មន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំរុះជើងវត្តពោធិ៍វាលផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ច័យដែលបានចូលរួមទាំងនេះគឺជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ជាមន្ត្រីរាជការផ្ទាល់ ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកចូលរួមជាមួយវេនបិណ្ឌទី១២ថ្ងៃនេះ ដើម្បីវេរនិងប្រគេនដល់ព្រះសង្ឃ ដែលកំពុងតែគង់ចាំព្រះវស្សានៅក្នុងទីអារាមមួយនេះនិងមានព្រះសង្ឃក៏មានច្រើនជាងវត្តដទៃទៀត ក្នុងខេត្តបាត់ដំបង ហើយទេយ្យទានទេយ្យវត្ថុ និងសម្ភារៈបរិក្ខារទាំងនេះ គឺដើម្បីជាប្រយោជន៍និងជាតម្រូវការក្នុងវត្តនេះផងដែរ។

ឯកឧត្តម ក៏បានបញ្ជាក់ថា នៅពេលថ្មីនេះខេត្តបាត់ដំបង មានករណីក្ដៅខ្លួន លើសពី៣៧.៥អង្សា កើតឡើងចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិករបឋមសិក្សា អស់រយៈពេល៦ថ្ងៃមកហើយ ដែលមានអាការៈក្អក ហៀរសំបោរ ហើយទទួលបានការព្យាបាលបានធូរស្រាលខ្លះៗហើយ ហើយក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកចំនួន២១អង្គមកហើយចំពោះព្រះសង្ឃដែលមានកម្ដៅ និងថ្ងៃស្អែកនឹងបន្តការយកសំណាកបន្តទៀត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការថែរក្សាសុខភាព ត្រូវឧស្សាហ៍សំអាតដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសពេលចេញទៅក្រៅម្ដងៗ ត្រូវសំអាតអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះ ព្រោះរដូវនេះជារដូវវស្សាផង ដែលងាយបង្កជាសំបុកមូសខ្លាញី បង្កជាជម្ងឺគ្រុនឈាម អ្វីដែលជាពិសេសទៅទៀត គឺថែរក្សាសុខភាពក្នុងអំឡុងពេលរិករាលដាលនៃជម្ងឺកូវីដ-១៩នេះតែម្ដង ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់មានវ៉ាក់សាំងអាចការពារប្រជាពលរដ្ឋមិនឲ្យឆ្លងជម្ងឺនេះបានទេ ដូច្នេះត្រូវទាមទារឲ្យចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការមិនឲ្យមានការឆ្លងជម្ងឺនេះ តាមរយៈការថែរក្សាអនាម័យនេះជាដើម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឧបត្ថម្ភជាសាច់ប្រាក់ក្នុងការព្យាបាលបកភ្នែកដល់លោកតា ភឹម រិន្ទ អ្នកថែទាំសួនច្បារសាធារណៈចំនួន២០០ដុល្លា ដើម្បីឲ្យលោកតាអាចយកទៅព្បាបាលភ្នែកនៅមន្ទីរពេទ្យឯកជនមួយកន្លែងផងដែរ ៕

អត្ថបទទាក់ទង