រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងប្រារព្វទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ​ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”

  • 2.6ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តបាត់ដំបង ព្រមទាំងភរិយាថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រមាណ១,០០០នាក់ បានមកជួបជុំគ្នាធ្វើពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ(លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) នៅសាលមហោស្របស្ទឹងសង្កែខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពជុំវិញខេត្ត និងសិស្ស និសិ្សត ផងដែរ ។

លោកស្រី ភោគ សុភ័ក្រ ប្រធានស្តីទីមន្ទីរកិច្ចការនារីខេត្ត បានឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រនរោត្តម មុនីនាថសីហនុ ព្រះវរ:បិតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូនិងសុភមង្កល ប្រទានជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩នេះរួចមក។

នាឱកាសនោះ ឯកឧត្តម ងួន រតន: អភិបាលខេត្តក៏បានថ្លែងក្នុងពិធីថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ ។ ដោយកត្តាទាំងនេះហើយ ដែល ធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ ។

ឯកឧត្តម អភិបាលខេត្តលើកឡើង ពីប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត បន្តធ្វើកិច្វការជាច្រើនបន្ថែមទៀតឲ្យកាន់តែប្រសើឡើង ពិសេសលើកស្ទួយស្រ្តីទាំងអស់នៅក្នុងខេត្ត និងបង្កើតក្រុមមេធាវីសម្តេចតេជោ ខេត្តបាត់ដំបងសម្រាប់ជួយបំរើសេវានានាដល់ស្រី្តនិងកុមារយើងផងដែរ។

អត្ថបទទាក់ទង