រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្នុងកម្មវិធីសំអាតបរិស្ថាន ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង

  • 964
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បត្តិ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្នុងកម្មវិធីសំអាតបរិស្ថាន ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង ទៅតាមគោលដៅរៀងៗខ្លួនដែលត្រូវបានកំណត់ ។

ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង មន្រី្ដរាជការសាលាខេត្ត មន្រ្ដីរាជការពីស្ថាប័នមន្ទីរជំនាញក្នុងខេត្តបាត់ដំបង ព្រមទាំងសិស្សានុសិស្សវិទ្យាល័យក្នុងក្រុងបាត់ដំបងផងដែរ ។

មានប្រសាសន៍ឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា យើងបានខកខានធ្វើកម្មវិធីសម្អាតបរិស្ថាននេះអស់រយៈពេលជាង៥ខែមកហើយ ដោយលើកចុងក្រោយយើងប្រារព្ធពិធីសម្អាតបរិស្ថាននេះគឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ដែលធ្វើឡើងដំបូងគេសម្រាប់ទីរួមខេត្តបាត់ដំបងផ្ទាល់ ដើម្បីរក្សាអនាម័យស្អាតល្អត្រៀមទទួលភ្ញៀវទេសចរណ៍ដែលមកលេងសម្រាប់កម្មវិធីបុណ្យទន្លេនេះ ។

ឯកឧត្តម បានបន្តទៀតថា សម្រាប់ក្នុងកម្មវិធីថ្ងៃនេះ គឺដើម្បីលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឲ្យចេះស្រឡាញ់ ថែរក្សាបរិស្ថានឲ្យបានស្អាតជានិច្ច ដោយមិនត្រូវស្រឡាញ់តែក្នុងអំឡុងពេលនៃការធ្វើកម្មវិធីសម្អាតបរិស្ថាននេះតែប៉ុណ្ណឹងទេ គឺត្រូវចេះស្រឡាញ់រហូត ត្រូវមានការសម្អាតមុខផ្ទះឲ្យបានស្អាតជានិច្ច ពិសេសត្រូវចេះចោលសំរាមក្នុងធុងសំរាម មិនត្រូវចោលពាសវាលពាសកាល ធ្វើឲ្យអនាម័យសាធារណៈមិនស្អាត ហើយអាចបង្កឲ្យមានការស្ទះលូនៅពេលភ្លៀងធ្លាក់ ដោយសារតែសំរាមហូរចូលមាត់លូជាដើម ហើយជាពិសេសគឺដើម្បីរក្សាកេត្តិនាមខេត្តមួយដែលសាកសមនឹងការទទួលពានរង្វាន់ផ្ការំដួល៣ទងផងដែរ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការណែនាំ និងអំពាវនាវដល់ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងក្រុមហ៊ុនប្រមូលសំរាម យកចិត្តទុកដាក់ទៅលើផ្លូវសំខាន់ៗ និងតាមផ្លូវសាធារណៈមួយចំនួនក្នុងក្រុងបាត់ដំបង មេត្តាធ្វើការសំអាត និងប្រមូលសំរាមឲ្យបានទៀងទាត់ ព្រោះបច្ចុប្បន្ននេះ មិនទាន់មានភាពស្អាតនៅឡើយទេ ដោយទាមទារឲ្យមានការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការប្រមូលសំរាមឲ្យបានទៀងទាត់ ចៀសវាងការគរសំរាមចោលបង្កជាមេរោគ ក្លិន និងជម្ងឺផ្សេងៗដល់សុខភាពប្រជាពលរដ្ឋ ពិសេសក្មេងៗ កុមារា កុមារី ចាស់ជរា ដែលងាយនឹងឆ្លងជម្ងឺផ្សេងៗ៕

អត្ថបទទាក់ទង