នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តបាត់ដំបង ដោយបានការអញ្ជើញចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត។
លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា គោលបំណងរបស់សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីធ្វើការបង្ហាត់បង្ហាញបង្រៀនដល់បងប្អូនអាជីវករ និងម្ចាស់សហគ្រាសធុនតូច និងមធ្យមខេត្តបាត់ដំបង គឺផ្ដល់នូវចំណេះដឹងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងអាជីវកម្មតាមបែបទម្រង់ផ្សេងៗ តាមរយៈការធ្វើបងបង្ហាញពីសំណាក់វាគ្មិនដែលមានជំនាញមកពីក្រុមហ៊ុន ឬធនាគារផ្សេងៗ ព្រមទាំងធ្វើការបង្ហាញពីយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាល ដែលបងប្អូនអាជីវករ និងម្ចាស់សហគ្រិនធុនតូច និងមធ្យមមិនទាន់ទទួលបានជាក់លាក់ច្បាស់លាស់ផងដែរ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សិក្ខាសាលានេះមានអត្ថប្រយោជន៍សម្រាប់អាជីវករ ដែលទទួលការធ្វើបទបង្ហាញពីវាគ្មិនដែលមកពីខាងក្រុមហ៊ុន ធនាគារផ្សេងៗ ស្ដីពីការគ្រប់គ្រងអាជីវកម្ម ហើយនេះជាឱកាសសម្រាប់អាជីវករដែលចំណាយពេលដ៏មានតម្លៃប្រកបអាជីវកម្ម មកទទួលបានចំណេះដឹងត្រឡប់ទៅវិញ និងសូមបងប្អូនអាជីវករទាំងអស់ សូមកុំគិតថាការសិក្សាស្វែងយល់នេះមិនមែនសារៈសំខាន់ឲ្យសោះ ព្រោះគ្រប់ការរៀនសូត្រទាំងអស់សុទ្ធតែមានសារៈសំខាន់ ដោយតែងតែទទួលបាននូវចំណេះដឹងត្រឡប់ទៅវិញ បើទោះបីជាមិនមានជាលទ្ធផលសម្រាប់បច្ចុប្បន្នក៏ដោយ ប៉ុន្តែនឹងមានលទ្ធផលសម្រាប់អនាគត ក្រោយពេលដែលយើងបានប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ។
ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបងមានទស្សនៈវិស័យសេដ្ឋកិច្ច៣គឺ កសិកម្ម ទេសចរណ៍ និងសេវាកម្ម ហើយបើសិនផ្នែកអាជីវកម្មនេះទទួលបានជោគជ័យ ហើយមានវិសាលភាពធំដូចវិស័យកសិកម្ម នោះកំណើនប្រាក់ចំណូលប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងក៏កាន់តែខ្ពស់ ព្រោះសហគ្រាសខ្លះបានបង្កើតជាការងារដល់បងប្អូនប្រជាពលរដ្ឋ អាចមានការងារធ្វើកាន់តែច្រើន និងជាពិសេសធ្វើឲ្យមានការទាក់ទាញដល់អ្នកវិនិយោគផ្សេងទៀតហ៊ានបោះទុននៅលើទឹកដីប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយវាជាជំហ៊ានមួយទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ៕