រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើលការ​អនុវត្ត​ស្តង់ដា​អនាម័យ ក្នុង​អំឡុង​ពេលនៃ​​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី២ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនក្នុងក្រុង បាត់ដំបង។

  • 755
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើលការ​អនុវត្ត​ស្តង់ដា​អនាម័យ ក្នុង​អំឡុង​នៃ​​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី២ នៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងក្រុងបាត់ដំបង ក្រោយក្រសួងអប់រំបានធ្វើការផ្អាកការសិក្សានៅឯសាលារៀនបណ្ដុះអាសន្នកន្លងមកនេះ ដោយសារការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩។ ។

ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀន រៀបចំកន្លែងលាងដៃ រៀបចំបន្ទប់ទឹកឲ្យស្អាត។ ចំណែកសម្រាប់ថ្នាក់រៀនត្រូវមានកម្រិតសិស្សមិនឲ្យលើសពី២០នាក់ទេ ពោលគឺចាប់ពី១៥នាក់ទៅ២០នាក់ក្នុងមួយថ្នាក់ ហើយត្រូវមានការវិភាគឆ្លាស់គ្នាក្នុងការចូលរៀនផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូនៅសាលារៀន ដោយនៅតែរក្សាការបង្រៀនពីចម្ងាយ(ONLINE) ឲ្យនៅដដែលហើយសម្រាប់សិស្សានុសិស្សដែលរៀននៅសាលា តម្រូវឲ្យមានការរក្សាគម្លាតឲ្យបានច្បាស់លាស់ ដោយគោរពតាមគោលការណ៍អនាម័យរបស់ក្រសួងអប់រំដែលបានកំណត់ ក៏ដូចជាគោលការណ៍អនាម័យរបស់អង្គការសុខភាពពិភពលោក ។ ត្រូវមានការវាស់កំដៅនៅច្រកទ្វាររបង បាញ់អាកុល និងធ្វើការលាងដៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះដោយក្រសួងមិនអនុញ្ញាតិឲ្យមានការលក់ដូរនៅក្នុងបរិវេណសាលា នៅក្រៅរបងជាប់សាលាឡើយ ដើម្បីកាត់បន្ថយការជួបជុំគ្នានៅកន្លែងលក់ដូរចំណីអាហារ នៅពេលចេញលេងសម្រាក ។

បន្ទាប់មកទៀត ឯកឧត្តម អភិបាលខេត្តក៏បានប្រគល់ម៉ាស់ចំនួន ១មុឺន និងទឹកអាល់កុលចំនួន ៧៥០លីត្រ ដល់លាលារៀននៅក្នុងក្រុង តាមរយៈ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាអំណោយរបស់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបងខេត្តបាត់ដំបង ដើម្បីផ្តល់ជូនបន្តដល់លោកគ្រូ អ្នកគ្រ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង