រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេង ស្ដីពីការបង្កើតសៀវភៅមគ្គុទេសក៍វិនិយោគខេត្តបាត់ដំបង ដើម្បីធ្វើការចេញផ្សាយនាពេលឆាប់ៗខាងមុខនេះ

  • 891
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេង ស្ដីពីការបង្កើតសៀវភៅមគ្គុទេសក៏វិនិយោគខេត្តបាត់ដំបង ដើម្បីធ្វើការចេញផ្សាយនាពេលខាងមុខនេះ នៅសាលប្រជុំB2 អាគារB សាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយកទីចាត់ផែនការ និងវិនិយោគ ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ ។

គោលបំណងនៃការតាក់តែងចងក្រងជាសៀវភៅ មគ្គុទេសក៏វិនិយោគខេត្តបាត់ដំបង គឺមានគោលបំណងធំបផុត ធ្វើការជួយដល់ការសម្រេចចិត្តរបស់សហគ្រិនក្នុងស្រុក និងក្រៅស្រុក លើការដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ធ្វើយ៉ាងណាឲ្យដឹងច្បាស់ពីគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលខេត្តបាត់ដំបង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសយល់ដឹងពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងខេត្ត ស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋដែលចង់បាន ដើម្បវិនិយោគិនធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់ក្រុមសហគ្រិនវ័យក្មេង ដែលរៀបចំតាក់តែងសៀវភៅ សៀវភៅមគ្គុទេសក៏វិនិយោគខេត្តបាត់ដំបង គឺមិនត្រូវយកតែសក្ដានុពលតែនៅក្នុងក្រុងបាត់ដំបងទេ គឺត្រូវលើកយកអំពីសក្ដានុពលខេត្តបាត់ដំបងទាំងមូល ព្រោះការចង់បានអ្នកវិនិយោគិននេះ យើងមិនអាចត្រូវការ ការវិនិយោគតែនៅក្នុងទីក្រុងតែមួយមុខទេ គឺទូទាំងខេត្ត ព្រោះតម្រូវការនៅតាមទីជនបទនៅពេលបច្ចុប្បន្ននេះក៏មានតម្រូវការច្រើនណាស់ដែរ ។

ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបងពឹងផ្អែកទៅលើគ្រឹះសេដ្ឋកិច្ចចំនួន៣សំខាន់ គឺកសិកម្ម ទេសចរណ៍ និងសេវាកម្ម ដូចនេះសូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ចំពោះគ្រឹះសេដ្ឋកិច្ចទាំង៣មុខនេះ ឧទាហរណ៍ផ្នែកកសិកម្ម ត្រូវរៀបរាប់ឲ្យបានច្បាស់លាស់អំពីកសិករត្រូវការថ្នាំកសិកម្ម សម្រាប់យកមកប្រើប្រាស់នៅក្នុងដំណាំកសិកម្មរបស់ពួកគាត់ តែសុទ្ធតែមានតម្លៃថ្លៃព្រោះរបស់ទាំងនេះត្រូវនាំចូលពីក្រៅប្រទេស ដូចនេះប្រជាកសិករចង់បានការវិនិយោគរោងចក្រផលិតថ្នាំកសិកម្មដើម្បីផ្ដល់តម្លៃសមរម្យដល់កសិករក្នុងការទិញយកទៅប្រើប្រាស់ជាដើម។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងសៀវភៅនេះ ត្រូវរំលេចឲ្យបានច្បាស់ពីគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាដូចជា ការបង្កើតផ្លូវកាត់ពីខេត្តបាត់ដំបង ឆ្ពោះទៅរកខេត្តកោះកុង ឬគម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបជាដើម ត្រូវតែលើកចំណុចដែលមានសារៈសំខាន់នៅពេលដែលផ្លូវនេះកសាងរួចរាល់ជាស្ថាពរ ងាយស្រួលក្នុងការធ្វើដំណើរ ចំណាយពេលតិច និងចំណាយមធ្យោបាយកាន់តែតិចជាងមុន ។ ជាងនេះទៅទៀតឯកឧត្តមបានធ្វើការណែនាំ ដោយមិនត្រូវតែសរសេរអំពីចំណុចវិជ្ជមានសុទ្ធតែមួយមុខទេ គឺក៏ត្រូវសរសេរអំពីបញ្ហាប្រឈមនានាដែលកើតមានឡើង គោលនយោបាយ នីតិវិធីរាជរដ្ឋាភិបាល មានកម្រិតត្រឹមណាខ្លះ ដើម្បីឲ្យអ្នកវិនិយោគត្រូវធ្វើការត្រៀមខ្លួនសិក្សាស្វែងយល់ សម្របសម្រួលចំពោះស្ថានការណ៍ដែលកើតមានឡើងនៅក្នុងខេត្តបាត់ដំបង កុំឲ្យអ្នកវិនិយោគិនមានផលពិបាកដោយមិនដឹងពីស្ថានការណ៍ និតីវិធី ដែលយើងបានកំណត់ ព្រោះយើងចង់បានការវិនិយោគរយៈពេលយូរអង្វែង ផ្ដល់ផលប្រយោជន៍ទាំងអ្នកវិនិយោគ សេដ្ឋកិច្ច និងប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង