រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអីបតីក្នុងពិធីបុកគ្រឹះសាងសង់សាលារៀនខ្មែរ-ចិន លានហួថ្មី ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបុកគ្រឹះសាងសង់សាលារៀនខ្មែរ-ចិន លានហួថ្មី ១ខ្នង ៣ជាន់ ស្មើនឹង៤៨បន្ទប់ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានទីតាំងនៅខាងក្រោយ ផ្សារទំនើបភួប៉ុយ ខេត្តបាត់ដំបង ដែលផ្ដួចផ្ដើមគំនិតកសាងដោយលោកឧកញ៉ា លឹម ទាឡេង និងលោកជំទាវ ហោ យុយ ព្រមទាំងលោក តាន់ អេង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា កាលដើមឡើយតំបន់នេះ ធ្លាប់តែជាតំបន់ក្ដៅ ដែលពោរពេញទៅដោយការធ្វើសង្រ្គាមរវាងគ្នាទៅវិញទៅមក ក្រោយមកបានផ្លាស់ប្ដូរមកជាតំបន់វាលស្រែ ដែលបងប្អូនប្រជាកសិករតែងតែរស់រានដោយការធ្វើស្រែចំការនៅទីនេះ ហើយថ្ងៃនេះតំបន់ដែលធ្លាប់តែជាកន្លែងសមរភូមិ ជាវាលស្រែ មកប្រែក្លាយទៅជាសាលារៀនខ្មែរ-ចិន លានហួថ្មី ហើយនឹងឈានទៅទីក្រុងរណបថ្មីសម្រាប់ក្រុងបាត់ដំបង ធ្វើឲ្យក្រុងបាត់ដំបងកាន់តែរីកចម្រើន និងពង្រីកក្រុងកាន់តែធំជាងមុន ។

ឯកឧត្តមបានបន្តទៀតថា នេះមកពីប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ទើបបណ្ដាលឲ្យមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានសន្ដិភាពទេនោះ បងប្អូនប្រជាពលរដ្ឋមិនអាចរស់នៅមានសេចក្ដីសុខឡើយ គុណតម្លៃនៃសន្ដិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិស្មើមុខ ស្មើមាត់នឹងគេ បើទោះបីជាយើងមានការអភិវឌ្ឍក្រោយគេ ដោយសារមានបញ្ហាសង្រ្គាម ក្នុងរបបប៉ុលពតក៏ដោយ ក៏យើងនៅតែអាចក្រោកឡើងវិញ ហើយពង្រឹងការអភិវឌ្ឍប្រទេសជាតិប្រកបចីរភាព ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវរក្សាឲ្យបាននូវសុខសន្ដិភាពនេះ កុំឲ្យរបូតឲ្យសោះ ព្រោះយើងអាចរស់នៅសុខសប្បាយ សុវត្ថិភាព និងរីកចម្រើនក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋត្រូវរក្សាឲ្យបាននូវសន្ដិភាព ទន្ទឹមការរក្សានូវធនធានមនុស្សក៏ត្រូវមានគុណភាពដូចគ្នា ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប្រទេសសេរី ដូចនេះបងប្អូនមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរពទំនៀមទម្លាប់ សាសនា ប្រពៃណី ដែលបងប្អូនមានជំនឿ ដោយគ្មានការហាមឃាត់ឡើយ ព្រោះថាគ្រប់ជំនឿ សាសនា ទាំងអស់គឺតែងតែអប់រំមនុស្សឲ្យចេះតែធ្វើអំពើល្អ ចេះស្រឡាញ់គ្នា ចេះឲ្យតម្លៃគ្នាទៅវិញទៅមក មិនមានសាសនាណាមួយល្អជាងសាសនាមួយឡើយ គឺសុទ្ធតែល្អទាំងអស់ ។

ឯកឧត្តមបានធ្វើការថ្លែងអំណរគុណដល់បណ្ដាសម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ និងជាពិសេសខេត្តបាត់ដំបងឲ្យកាន់តែមានការរីកចម្រើនពីមួយលំដាប់ទៅមួយលំដាប់ ជីវភាពប្រជាពលរដ្ឋក៏កាន់តែប្រសើរជាងមុនផងដែរ ៕

អត្ថបទទាក់ទង