រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង ក្រោមជំនួយហិរញ្ញប្បទាន នៃក្រសួងការបរទេសជប៉ុន(MoFa) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ដោយ Sotheavyចំនួនទស្សនា (213)

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង ដែលជាជំនួយហិរញ្ញប្បទាន នៃក្រសួងការបរទេសជប៉ុន(MoFa) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសន្ដិស្ម័គ្រចិត្ត (SVA) ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានកម្ពស់២ជាន់ មាន៥បន្ទប់ បណ្ណាល័យ១បន្ទប់ និងបន្ទន់អនាម័យកុមារតូច១៥បន្ទប់ ជាជំនួយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជប៉ុន(MoFa) ដោយមានការសម្របសម្រួលដោយអង្គការ(SVA) ហើយនៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាព សម្ភារអាន បរិក្ខារសោតទស្សន៍ និងមានសៀវភៅ៦៦៤ក្បាល ដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ ។ ឯកឧត្តមបានបន្តទៀតថា ក្នុងឆ្នាំ២០១៩-២០២០ ខេត្តបាត់ដំបងមានសាលារៀនសរុបចំនួន ១ ៤៤៨សាលា ដែលមានសិស្សសរុបចំនួន ២៨១ ១២១នាក់ ស្រី១៣៩ ៩៧៥នាក់ និងមានបុគ្គលិកអប់រំសរុបចំនួន ១០ ៨៧០នាក់ ស្រី៥ ៧១២នាក់ ដោយឡែកសម្រាប់មត្តេយ្យសិក្សារដ្ឋ មានមត្តេយ្យដាច់ដោយឡែកចំនួន២៥សាលា និងមត្តេយ្យក្នុងបឋមសិក្សាចំនួន៣៤៨សាលា ។ តែទោះបីជាក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឲ្យសាលាបឋមសិក្សាបើកថ្នាក់មត្តេយយ្យនៅក្នុងសាលាបឋមសិក្សាក៏ដោយក៏មិនអាចឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់កុមារតូចបានដែរ ដូចនេះទើបក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការ និងអនុញ្ញាតិឲ្យរដ្ឋបាលឃុំ សង្កាត់បង្កើតសាលាមត្តេយ្យសហគមន៍នៅតាមភូមិនីមួយៗ ដែលនៅឆ្ងាយពីសាលាមត្តេយ្យរដ្ឋផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះ គឺពិតជាមានសារៈសំខាន់ណាស់ ដល់ប្អូនកុមារតូចៗ មានឱកាសបានចូលសិក្សារៀនសូត្រ ដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលប្អូនកុមារតូចមានអាយុ៦ឆ្នាំឡើងទៅ ដែលត្រូវចាប់ផ្ដើមជីវិតថ្មីថ្នាក់ទី១នៅក្របខណ្ឌបឋមសិក្សាវិញម្ដង ។ ឯកឧត្តមបានបន្តទៀតថា ការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគាត់ ដែលយើងត្រូវបង្រៀនពួកគាត់ទាំងអាកប្បកិរិយា ចេះគ្រប់គ្រងដោយខ្លួនឯង បង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះចំពោះកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យ កុមារប្រៀបដូចជាក្រដាស ស មួយសន្លឹកដែលងាយនឹងប្រឡាក់ បើមិនធ្វើការហាត់ពុតលុតដុំពួកគាត់តាំងពីតូចទេនោះ នោះយើងនឹងពិបាកក្នុងការទូន្មានប្រៀនប្រដៅគាត់នាពេលអនាគត ។ ឯកឧត្តមបានបន្តទៀតថា ដោយសារតែការរីករាលដាលនូវជម្ងឺកូវីដ-១៩នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់លោកគ្រូអ្នកគ្រូ ឲ្យរៀបចំការបង្រៀនសិស្សពីចម្ងាយ(Online ) រៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអុិនធឺណេត ការថតជាខ្លីបវីដេអូបង្រៀនជាដើម ។ ឯកឧត្តមបានបញ្ជាក់បន្តទៀតថា ទោះបីជាយ៉ាងណាក៏៏ដោយ ការបង្រៀនតាមប្រព័ន្ធអីនធឺណេត នៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយ ដែលពិបាកក្នុងការរកសេវាអុីនធឺណេត ទើបក្រសួងអប់រំ យុវជន និងកីឡា មានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល ដោយដំណាក់កាលទី១គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជា នៅដើមខែសីហានេះរួចមកហើយ ហើយដំណាក់កាលទី២ គឺការបើកសម្រាប់ថ្នាក់ទី៩ និងទី១២ សម្រាប់ក្របខណ្ឌសាលាទូទាំងប្រទេស នៅដើមខែកញ្ញាក្រោយនេះ ដើម្បីឲ្យក្មួយៗត្រៀមរៀនបញ្ចប់ និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ នាខែធ្នូខាងមុខនេះ តែការបើកជាដំណាក់កាលទី២នេះ គឺធ្វើឡើងដោយមានស្ដង់ដារសុវត្ថិភាពខ្ពស់ ការរក្សាគម្លាត ថ្នាក់សិក្សាគឺមិនឲ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅ ការសំអាតអនាម័យ និងត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម ហើយបើសិនដំណាក់កាលទី២នេះទទួលបានជោគជ័យ ក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣ សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ផងដែរ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 20 ម៉ោងមុន