រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងចុះពិនិត្យទីតាំងជាក់ស្តែង លើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីសិក្សាស្វែងអំពីបញ្ហាផ្សេងៗដែលកើតមានឡើង និងបញ្ហាប្រឈមនានានៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលស្តីទី នៃគណៈអភិបាលស្រុកកំរៀង លោកនាយកទីចាត់រដ្ឋបាលសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញ សមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក ហម សំខាន់ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង បានមានប្រសាសន៍ថា ច្រកទ្វារអន្តរជាតិដូងនេះ គឺតែងតែធ្វើការយ៉ាងស្អិតរមួតជាមួយភាគីខាងប្រទេសថៃ សម្រាប់ការសម្របសម្រួលការងាររវាងគ្នាទៅវិញទៅមក ជាពិសេសការសម្របសម្រួលការដឹកយកសពប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានស្លាប់ដោយឧបទវហេតុដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗពេលកំពុងបំពេញការងារ ដោយខាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង តែងតែជួយសម្របសម្រួលធ្វើយ៉ាងណាដើម្បីឲ្យការដឹកជញ្ជូនសពពីប្រទេសថៃមកប្រទេសកម្ពុជាបានដោយសុវត្ថិភាព ។ លោកបានបន្តទៀតថា ក្នុងអំឡុងពេលនៃការផ្ទុះរីករាលនៃជំងឺកូវីដ-១៩នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង បានធ្វើការសហការគ្នាជាមួយភាគីច្រកទ្វារអន្តរជាតិថៃ ក្នុងការដាក់ឧបករណ៍បាញ់សម្លាប់មេរោគទៅលើរថយន្តដែលបានចេញចូលច្រកទ្វារនេះ និងបានណែនាំដល់អ្នកបើកបរឲ្យរក្សាអនាម័យជាប់ជានិច្ច ដោយរក្សាគំលាត ពាក់ម៉ាស និងឧស្សាហ៍លាងដៃជាមួយអាកុល ឬសាប៊ូឲ្យបានជាប់ជានិច្ច ។ គួរបញ្ជាក់ផងដែលថា គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចូលតាមច្រករបៀងផ្សេងក្នុងភូមិសាស្រ្ដស្រុកកំរៀង ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ចំនួន២៣៨លើក ដែលសរុបស្មើ២៤ ៦៨៧នាក់ ក្នុងនោះស្រី១ ០១៣១នាក់ ហើយក្រោយពីត្រឡប់មកក្នុងស្រុកវិញ ពួកគាត់ត្រូវបានក្រុមការងារសុខាភិបាល និងរដ្ឋបាលស្រុកកំរៀង ធ្វើចត្តាឡីស័ក និងពិនិត្យសុខភាពរបស់ពួកគាត់មុនបញ្ជូនទៅស្រុកកំណើតវិញ ។

ឆ្លៀតក្នុងឱកាសនោះ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានជិតស្និទ្ធជាមួយភាគីខាងប្រទេសថៃ ជាពិសេសគ្រប់គ្រងការលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសថៃ ។ លោកបានបន្តទៀតថា បច្ចុប្បន្នទោះបីប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងជួបបញ្ហានឹងការរីករាលដាលនូវជំងឺកូវិដ-១៩ក្ដី ក៏យើងនៅតែមិនដកថយក្នុងការចូលរួមទប់ស្កាត់បញ្ហាគ្រៀងញៀន ព្រោះគ្រឿងញៀននៅតែជាបញ្ហាចម្បង ដែលអាចបង្កជាអសន្ដិសុខនៅក្នុងតំបន់ ដែលផ្ទុយពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ព្រោះគ្រឿងញៀនជាបញ្ហាជាប់ជានិច្ចចំពោះសង្គមជាតិ ។ លោក ណុប ដារ៉ា បានផ្តាំផ្ញើដល់អង្គភាពគយ ឲ្យបង្កើនការត្រួតពិនិត្យទំនិញនានាដែលនាំចូលពីប្រទេសថៃ ធ្វើយ៉ាងណាឲ្យទំនិញនោះមានគុណភាពខ្ពស់ និងមានសុវត្ថិភាព ព្រោះសុខភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសគឺស្ថិតនៅក្នុងដៃអង្គភាពគយ ព្រោះថាបើគ្មានការពិនិត្យទំនិញដែលនាំចូលពីប្រទេសថៃទេនោះ វាអាចធ្វើឲ្យមានការនាំចូលនុវទំនិញខុសច្បាប់ ទំនិញខូចគុណភាព សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយកមកប្រើប្រាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋថែមទៀតផង ។

បន្ទាប់ពីកិច្ចប្រជុំចប់ លោក អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យផ្ទាល់ ទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ប៉ុស្តិ៍អន្តោប្រវេសន៍ ទីស្នាក់ការគយ និងរដ្ឋាករ កន្លែងស្នាក់នៅរបស់បស់មន្រ្តីនគរបាលអន្តោប្រវេសន៍ និងពិនិត្យកន្លែងទទួលពលករមកពីប្រទេសថៃ សម្រាប់ធ្វើចត្តាឡីស័ក ៕

អត្ថបទទាក់ទង