រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២០

  • 1.7ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្រី នាយករដ្ឋបាលខេត្តស្តីទី ទីបញ្ជាការដ្ឋានប្រតិបត្តិការសឹងរងខេត្ត សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក អភិបាល អភិបាលរង ក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយបានស្តាប់របាយការណ៍ប្រចាំខែកក្កដា និងការរាយការណ៍បន្ថែមពីប្រធានមន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច និងមន្ទីរទេសចរណ៍ខេត្តរួចមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយលិខិតលេខ ១៩៦៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីការជំរុញការទប់ស្តាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា និងធ្វើការផ្សព្វផ្សាយលិខិតលេខ ១៨៤១ ដនស/អសដក ចុះថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីសំណើសុំគាំទ្រលើការចុះបញ្ជីដីរដ្ឋ ដោយមិនកាត់ឆ្វៀល ផ្លូវ បឹង អូរ ស្ទឹង ជាពិសេសនៅតំបន់ស្នូល នងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ ។

ឯកឧត្តម ងួន រតនៈ ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យលទ្ធភាពរៀបចំទីសំណាក់របស់ជនអានាថា ដើម្បីប្រមូលផ្តុំពួកគាត់ឱ្យរស់នៅមួយកន្លែងងាយស្រួលក្នុងការផ្តល់សេវាសុខភាព សេវាអប់រំ និងសេវាផ្សេងៗដល់ពួកគាត់ ហើយរដ្ឋបាលខេត្តគ្រោងនឹងរៀបចំអនុគណៈដោះស្រាយបញ្ហាជនអានាថាក្នុងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់យ៉ាងធ្ងន់ផងចំពោះអាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ឱ្យបានមើងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ចំពោះអាហារដ្ឋាន ផ្ទះសំណាក់ កន្លែងកំសាន្ត និងតំបន់ទេសចរណ៍នានាក្នុងខេត្ត ត្រូវមានការត្រួតពិនិត្យ ការវាស់កំដៅ និងបាញ់អាកុល នៅមុខច្រកចេញផងដែរ ហើយប្រសិនបើម្ចាស់ទីតាំងមិនចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលក្រុង ស្រុក និងជាគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវមានវិធានការផ្អាកជាបណ្តោះអាសន្ន និងធ្វើការប្រទ្រុយនៅពេលយប់ខ្លាចមានអាហារដ្ឋានខ្លះលួចបើកខារ៉ាអូខេផងដែរ៕

អត្ថបទទាក់ទង