លោក សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញចុះអមដំណើរ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី ដែលស្ថិត នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញចុះអមដំណើរ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី ដែលស្ថិត នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។
នៅក្នុងដំណើរចុះពិនិត្យនោះក៏ការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។
គូសបញ្ចាក់ផងដែរថា គម្រោងស្ទាក់ទឹកសាលាតាអន ដែលហៅថាគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ហើយគម្រោងនេះ បានចាប់ផ្តើមដំណើរការធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ បច្ចប្បន្ននេះ គម្រោងបានធ្វើការសម្រេចបានប្រមាណ ៧០ % លើទំហំការងារសរុបរបស់គម្រោង។
សូមជម្រាបជូនដែរថា ចំពោះគម្រោងស្ទាក់ទឹកសាលាតាអន នេះត្រូវបានសាងសង់បញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការ ស្រោចស្រពលើ ផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា។
ក្រោយពីគណៈប្រតិភូម បានធ្វើការពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនរួចមក គណៈប្រតិភូមបានបន្តដំណើរអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលស្ថិតនៅស្រុករុក្ខគីរី ដែលជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េដូចគ្នាទៅនឹងគម្រោងអភិវឌ្ឍន៍សាលាតាអនផងដែរ ។
សូមបញ្ចាក់បន្ថែមទៀតថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ដោយបច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦% លើទំហំការងារសរុបរបស់គម្រោង។ ក្រោយពីបញ្ចប់ការសាងសង់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.៥០០ហិកតាផងដែរ៕