រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យការធ្វើអត្តសញ្ញាណកម្មដីធ្លី និងអត្តសញ្ញាណកម្មមនុស្ស នៅស្រុកសំឡូត ខេត្តបាត់ដំបង

  • 970
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ០៨កើត ខែស្រាពណ៍ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យការធ្វើអត្តសញ្ញាណកម្មសិទ្ធដីធ្លី និងអត្តសញ្ញាណកម្មមនុស្ស នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាងឲ្យក្រសួងបរិស្ថាន ដើម្បីចុះមកពិនិត្យ ការធ្វើអត្តសញ្ញាណកម្មដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្ថិតក្នុងស្រុកសំឡូតនេះ ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការចុះបញ្ជីកម្មសិទ្ធដីធ្លីឯកជននេះ ពិតជាផ្ដល់សារៈសំខាន់ណាស់ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធពេញលេញច្បាស់លាស់ក្នុងការគ្រប់គ្រងដីដែលខ្លួនឯងអាស្រ័យផល ជៀសវាងឲ្យមានការរំលោភបំពានពីជនទាំងឡាយណាព្យាយាមប៉ុនប៉ងរំលោភកម្មសិទ្ធិដីធ្លីរបស់យើង ។

ឯកឧត្តម បានបន្តទៀតថា ដីសហគមន៍ គឺជាដីសមូហភាព ដោយមិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ឡើយ ដូចនេះយើងមិនអាចធ្វើចុះបញ្ជីដីសហគមន៍ ឬដីសមូហភាពជារបស់ជនណាម្នាក់ ដើម្បីជាផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ ពោលគឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ។ ឯកឧត្តមបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំជឿលើការញុះញុងពីសំណាក់ជនខិលខូចមួយចំនួន ឲ្យទៅទន្រ្ទានដីរបស់រដ្ឋ ឬដីព្រៃភ្នំ ដើម្បីឲ្យរដ្ឋាភិបាលផ្ដល់កម្មសិទ្ធជុនឲ្យគាត់ ហើយទោះបីជាបងប្អូនប្រជាពលរដ្ឋធ្វើការទន្ទ្រានដីព្រៃក៏រដ្ឋមានវិធានការតឹងរឹង ដោយពិនិត្យមើលតាមរយៈផ្កាយរណប ដោយមិនមាននរណាអាចប្រកែកបានឡើយ។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថា នេះគឺជាការធ្វើស្វ័យប្រកាសអំពីអត្តសញ្ញាណកម្មមនុស្សនិងអត្តសញ្ញាណកម្មដីឲ្យបានជាក់លាក់ពិតប្រាកដ មានន័យថា ព័ត៌មានដែលបានប្រកាសនេះគឺជាព័ត៌មានពិតមិនក្លែងក្លាយ ដែលត្រូវទទួលដឹងឮពីមេភូមិឬអនុភូមិ ហើយបើមេភូមិត្រួតពិនិត្យឃើញថាប្រជាពលរដ្ឋ មានការស្រពិចស្រពិលសូមជួយណែនាំគាត់ ដើម្បីធ្វើឲ្យបានច្បាស់ បើព័ត៌មាននេះមិនពិតឬក្លែងក្លាយយកមកប្រើប្រាស់មិនកើត បើប្រើការមិនកើតវាបាត់បង់ផលប្រយោជន៍អ្នកធ្វើស្វ័យប្រកាសនោះ ។
ឯកឧត្តមបានបញ្ចាក់ថា ការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ត្រូវតែមានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដែលទាំងអស់នេះ គឺឯកសារសំខាន់សម្រាប់ធានាបាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ៗរូប៕

អត្ថបទទាក់ទង