នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីក្នុងភូមិសាស្ត្រស្រុកសំឡូត ដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំបន្ថែមដល់ក្រុមការងារ ដែលត្រូវរៀបចំបំពេញសលាប័ត្រព័ត៌មាន ដោយធ្វើការបែងចែកជាពីរក្រុមផងដែរ។
នៅក្នុងកិច្ចប្រជុំពិភាក្សានោះក៏មានការអញ្ជើញចូលរួមពីលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត លោកតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
លោក សឿម ប៊ុនរិទ្ធិ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានម៉្មតចត់ ហើយសូមកុំមានចូលរួមស៊ុមគ្រលុំ ឬឃុបឃិតគ្នា ដើម្បីផលប្រយោជន៍ឬប្រការណាមួយឲ្យសោះ ហើយប្រសិនបើរកឃើញមានស៊ុមគ្រលុំនឹងគ្មានការលើកលែងនោះទេ៕