លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងបង្កើតសត្តឃាតដ្ឋានប្រភេទ “ក” នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
កាលរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងបង្កើតសត្តឃាតដ្ឋានប្រភេទ “ក” ដែលស្ថិតនៅក្នុឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាល អភិបាលរងស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងដំណើរចុះពិនិត្យទីតាំងសត្តឃាតជាក់ស្តែង ក្រុមការងារបានសង្កេតឃើញថា ទីតាំងសត្តឃាតដ្ឋានប្រភេទ “ក” បានកែប្រែក្លាយសត្តឃាតដ្ឋានទៅជាលំនៅដ្ឋានដោយដាំដំណាំ (ដូងក្រអូប) ជុំវិញដីផងដែរ។
សូមជម្រាបជូនដែរក្រោយចុះពិនិត្យទីតាំងសត្តឃាតដ្ឋាននោះរួចមកក្រុមការងារចម្រុះបានជួបប្រជុំពិភាក្សានៅសាលាប្រជុំសាលាស្រុកភ្នំព្រឹក ដើម្បីធ្វើការផ្តល់យោបល់លើទីតាំងបង្កើតសត្តឃាតដ្ឋានប្រភេទ “ក” នោះផងដែរ៕