នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧ្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងដំណើរចុះពិនិត្យស្ពាននោះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធមួយទៀត។
ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ក៏បានណែនាំនិងសំណូមពរដល់លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង លោក ចាន់ សំបូរ ដែលអមដំណើរចុះទៅពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែនេះ ដោយជម្រុញឲ្យមន្ទីរពិភាក្សាជាមួយនិងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវបន្តកែលម្អជើងទេរនិងជម្រាលស្ពានឲ្យបានល្អប្រសើរជាងនេះថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រធានមន្ទីរសាធារណការខេត្ត កែលម្អផ្លូវតភ្ជាប់ជាមួយក្បាលស្ពានឲ្យបានល្អប្រសើរ ដោយត្រូវចាក់ដី និងក្រាលក្រួសក្រហមលើកផ្លូវឲ្យស្មើនិងគល់ស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកខណៈពេលស្ពានបើកឲ្យប្រើប្រាស់ជាផ្លូវការនោះ។
ស្ពានបេឡេថ្មីដែលទើបសាងសង់រួចរាល់នេះ គឺ៖ មានប្រវែង ១២៦ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ដោយកងកម្លាំងវិស្វកម្មជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសសរពក ជាប់និងព្រំប្រទល់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ នៃខេត្តបាត់ដំបង។
ស្ពានបេឡេថ្មីមួយខ្សែដែលមានតម្លៃប្រមាណជា ២៧ម៉ឺនដុល្លារអាមេរិកនេះអាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ១៥តោនក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញកងវិស្វកម្ម ដែលបានស្ថាបនាកសាងស្ពាន នៅទីនេះកន្លងមក។
កន្លងទៅថ្មីៗនេះឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកស្ពានដែកបេឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបាណន់ផ្ទាល់។ ជាពិសេស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃំុកន្ទឺ១ នេះតែម្តង។ដែលកន្លងមកបងប្អូនតែងតែគាំទ្រនូវគោលនយោយរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា៖ការផ្តល់នូវស្ពានបេឡេថ្មីបន្ថែមមួយខ្សែទៀតនេះនិងផ្តល់នូវផ្លូវដង្ហើមសេដ្ឋកិច្ច វាជាសរសៃឈាមក្នុងការតភ្ជាប់ទៅកាន់បណ្តាស្រុកសំខាន់ៗចំនួន៤ រួមមាន៖ ស្រុកសង្កែ, បាណន់, គាស់ក្រឡ និង ស្រុកសំឡូតជាដើម...។ ហើយស្ពានបេឡេថ្មីមួយខ្សែនេះ គឺជាការឆ្លើយតបទៅនិងសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ ដែលចង់បានស្ពាន ដើម្បីងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានា។ហើយក្នុងនោះសម្តេចក៏បានទទួលយកសំណើរទាំងនេះដើម្បីរិះរកលទ្ធភាពជួយដល់បងប្អូន និងដើម្បីឆ្លើយតបពីតម្រូវការចាំបាច់ជាក់ស្តែងនូវក្នុងការជួយដល់បងប្អូននៅក្នុងឃុំ ក៏ដូចជាប្រជាពលរដ្ឋស្រុកបាណន់ទាំងមូលផងដែរ៕