ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានកិច្ចប្រជុំពិភាក្សារួមយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធីបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះក៏មានការចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង ព្រមទាំងមន្ទីរ អង្គភាព ប្រដាប់អាវុធដែលពាក់ព័ន្ធទាំងអស់ក្នុងខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃការធ្វើកិច្ចប្រជុំនេះ គឺដើម្បីឲ្យជួយពិនិត្យសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ធ្វើការពិភាក្សាគ្នាទៅវិញទៅមក ដើម្បីឲ្យប្រាកដថាច្បាប់នេះឲ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដោយធ្វើយ៉ាងណាកុំឲ្យមានការឆកល្វែងត្រង់ចំណុចណាមួយឡើយ ៕