រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំលោកជំទាវ ឱ វណ្ណឌីន ដើម្បីស្វែងយល់អំពីការងារកូវីដ-១៩ និងការរៀបចំផែនការអនុវត្ត និងទប់ស្កាត់បន្តនៅខេត្តបាត់ដំបង

  • 931
  • ដោយ Sotheavy

នៅរសៀលថ្ងៃ អាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ វិជ្ជបណ្ឌិត Ali Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដើម្បីស្វែងយល់អំពីការងារកូវីដ-១៩ និងការរៀបចំផែនការអនុវត្ត និងទប់ស្កាត់បន្ត នៅខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការកោតសរសើរ ដល់ចំណាត់ការរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នូវជម្ងឺកូវីដ-១៩ ដែលជាជំងឺសកល កំពុងផ្ទុះរីករាលពេញពិភពលោក ហើយក្នុងនោះខេត្តបាត់ដំបងក៏មានអ្នកជំងឺ៨នាក់ដែរ តែសព្វថ្ងៃនេះគឺអ្នកជំងឺទាំងនោះ បានជាសះស្បើយ ហើយបានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហើយ ។ លោកជំទាវបន្តទៀតថា រដ្ឋបាលខេត្តបានធ្វើការរៀបចំយ៉ាងល្អក្នុងការអនុវត្តការងារ និងចាត់វិធានការគ្រប់គ្រងចំនួនពលករមកពីប្រទេសថៃ ដូចជាការពិនិត្យកម្ដៅ ការដាក់ចត្តាឡីស័កជាដើម ដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលទៅក្នុងសហគម និងសូមអំពាវនាវឲ្យរដ្ឋបាលខេត្តធ្វើការបន្តកិច្ចការនេះឲ្យបានខ្ជាប់ខ្ជួន។

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍បន្តទៀតថា ខេត្តបាត់ដំបងគឺជាខេត្តគោលដៅទេសចរណ៍មួយសម្រាប់ប្រទេសកម្ពុជា ហើយលំហូរនៃភ្ញៀវទេសចរក៏មានច្រើន ដូចនេះលោកជំទាវ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំភ្លេចអនាម័យជាប់ជានិច្ច ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬជែល ពាក់ម៉ាសពេលចេញទៅក្រៅ និងរក្សាគម្លាតពីគ្នាទៅវិញទៅមក កាត់បន្ថយការជួបជុំគ្នា ព្រោះថា “យើងអាចភ្លេចកូវីដ តែកូវីដ មិនភ្លេចយើងទេ” ហើយជាពិសេសសូមឲ្យអាជ្ញាធរមូលដ្ឋាន ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការសំអាតបរិស្ថាននៅជុំវិញផ្ទះ កម្ចាត់ចោលនូវជម្រកមូស ព្រោះឥឡូវនេះជាខែវស្សា ហើយបើសិនជាបរិស្ថានជុំវិញប្រជាពលរដ្ឋសំបូរទៅដោយជម្រកមូស នោះនឹងធ្វើឲ្យប្រជាពលរដ្ឋកើតជំងឺគ្រុនឈាមជាក់ជាមិនខាន ។

ឯកឧត្តម ងួន រតនៈ បានសម្ដែងនូវការស្វាគមន៍ ចំពោះវត្តមានលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាពិបាល និងលោកជំទាវតំណាង អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចុះបេសកម្មនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារ ស្ដីអំពីវិធានការ ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជូនពរឲ្យដំណើរបេសកកម្មរបស់ជំទាវ ទទួលបានជោគជ័យផងដែរ ៕

អត្ថបទទាក់ទង