នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះបិទផ្សាយសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត ស្តីពីការហាមឃាត់ការកាប់រានថ្មីពង្រីកបន្ថែម លើទីតាំងដែលបានវាស់វែងកំណត់អត្តសញ្ញាណរួច ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ឃុំដូនបា និងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
មុននឹងចុះបិទផ្សាយសេចក្តីជូនដំណឹងនេះ លោក សឿម ប៊ុនរិទ្ធិ បានដឹកនាំកិច្ចប្រជុំបន្ទាន់ នៅសាលាស្រុកគាស់ក្រឡ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកស្តីទី លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក មន្ត្រីជំនាញសូរិយោដី មេឃុំ ប៉ុស្តិ៍នគរបាលឃុំទាំងអស់ចំណុះឱ្យរដ្ឋបាលស្រុកគាស់ក្រឡ ក្នុងនោះលោកអភិបាលរងខេត្តបានណែនាំការងារមួយចំនួន អំពីការបិទផ្សាយមិនឱ្យទៅទន្ទ្រានដីថ្មីនៅទីតាំងដែលមានទំនាស់កន្លងមកនេះ រួមមានទីតាំងនៅចំណុចភ្នំស្នរ ឃុំព្រះផុស និងនៅចំណុចភ្នំសំរោង ឃុំឆ្នាល់មាន់ផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បានណែនាំបន្ថែមទៀតថា អាជ្ញាធរឃុំ អាជ្ញាធរស្រុក ត្រូវបញ្ឈប់រាល់ការបញ្ជាក់ឯកសារលើបញ្ហាដីធ្លីដែលបង្ករឱ្យមានបញ្ហាទំនាស់បន្ថែមទៀត ដោយរក្សាភាពស្ងាមស្ងាត់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមកុំទៅទន្ទ្រានដីព្រៃរបស់រដ្ឋ ជាពិសេសនៅលើភ្នំសំរោង ដែលជាព្រៃធម្មជាតិស្អាត ហើយសូមចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានបន្ថែម និងចូលរួមទប់ស្កាត់មេខ្យល់ណាដែលបានបំផុសបំផុលឱ្យបងប្អូនប្រជាពលរដ្ឋមកពីចម្ងាយក្តី ឬនៅក្នុងមូលដ្ឋានក្តី ដែលមានបំណងចង់ទៅទន្ទ្រានដីព្រៃរបស់រដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិនោះមិនបានឡើយ ហើយអាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចការពារឱ្យខានតែបានជាដាច់ខាត ពីព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តទៀតថា ប្រសិនបើអាជ្ញាធរ ឬសមត្ថកិច្ចណាមួយមានការពាក់ព័ន្ធទៅនឹងបញ្ហាការទន្ទ្រានដីរបស់រដ្ឋ សូមមេត្តាដកខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះអាជ្ញាធរមូលដ្ឋានណា ឬសមត្ថកិច្ចណា ដែលទៅបំពាន ឬទៅកាប់បំផ្លាញព្រៃធម្មជាតិតាមជើងភ្នំ ឬនៅលើភ្នំសំរោង ឬ នៅតំបន់ណាដែលមានព្រៃ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ ៕