រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងចែកប័ណ្ណសមធម៌ “ដែលជាកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅល្ងាចថ្ងៃនៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសមធម៌ "ដែលជាកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរផែនការខេត្ត លោកអភិបាលក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងក្នុងពិធីសំណេះសំណាលនោះថា ប័ណ្ណសមធម៌ ដែលបានចេញឱ្យប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ដោយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយប័ណ្ណនេះមានអត្ថប្រយោជន៍ និងសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រផ្តល់ជូននូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិកូវីដ១៩ នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅបាន ទើបសម្តេចបានដាក់ចេញនូវគោលនយោបាយផ្តល់ជូននូវសាច់ប្រាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រនេះផងដែរ។

លោក អ៊ីវ កុសល បានបន្តទៀតថា គោលនយោបាយនៃការផ្តល់ជូននូវសាច់ប្រាក់នេះ មានរយៈពេល ២ ខែសិន ប្រសិនបើស្ថានភាពកូវីដ១៩ មានសភាពធូរស្រាល ឬយ៉ាងណា រាជរដ្ឋាភិបាល និងដាក់ចេញគោលនយោបាយថ្មីមួយទៀតថ្មីសម្រាប់បងប្អូន ថាតើត្រូវបន្តឬយ៉ាងណាផងដែរ ហើយប្រសិនបើកម្មវិធីនេះផ្តល់សាច់ប្រាក់នេះត្រូវបញ្ឈប់បណ្ណសមធម៌នេះ នៅតែមានតម្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាកព្យាបាលដោយឥតបង់ថ្លៃព្យាបាលនៅគ្រប់មន្ទីរពេលរបស់រដ្ឋផងដែរ។

ឯកឧត្តម ងួន រតនៈ សង្ឃឹមជាក់ថាបងប្អូនប្រជាពលរដ្ឋក្រោយពីបានស្តាប់នូវការបកស្រាយរបស់លោកប្រធានមន្ទីរ និងក្រុមប្រឹក្សាសង្កាត់អំពីកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ហើយប្រសិនបើនៅមានចម្ងល់អាចអញ្ជើញមកសាកសួរព័ត៌មានបន្ថែមពីអាជ្ញាធរសង្កាត់ ដើម្បីជៀសវៀងការយល់ឃើញខុស។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បណ្ណសមធម៌ ឬអាហៅថាបណ្ណក្រីក្រនោះមានសារសំខាន់ណាស់ ដូច្នេះមិនអាចបានគ្រប់គ្នានោះទេ ដោយសារបណ្ណនេះផ្តោតសំខាន់តែលើគ្រួសារក្រីក្រតែប៉ុណ្ណោះ ហើយបណ្ណសមធម៌នេះទៀត មិនអាចយកទៅប្រើប្រាស់បានគ្រប់កន្លែងនោះទេ ។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ដោយមានការគិតគូរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផ្តល់ជូនសាច់ប្រាក់ ដើម្បីជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់ប្រចាំថ្ងៃ ហើយសាច់ប្រាក់ដែលទទួលបាននាពេលនេះ គឺមិនមានការកាត់សូមបីតែមួយកាកមួយសេនពីបងប្អូនឡើយ ន័យថារាល់សេវាទាំងអស់ជាបន្ទុករបស់រដ្ឋ នៅពេលបងប្អូនប្រជាពលរដ្ឋទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ(wing) គឺទទួលបានប្រាក់គ្រប់ចំនួន ឧទារហ៍ ៖ប្រសិនបើទទួលបាន ២០ ម៉ឺនរៀល គឺត្រូវបាន២០ ម៉ឺនរៀល ដូច្នេះមិនមានកាត់សេវាអ្វីទាំងអស់ ប្រសិនបើមានការកាត់ថ្លៃសេវា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើដោះស្រាយជាបន្ទាន់ផងដែរ៕

អត្ថបទទាក់ទង