រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ទិវាទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ÷ ទីក្រុងផ្តល់ភាពកក់ក្តៅ” នៅបរិវេណសួននាគសន្តិភាព ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

  • 2.3ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងទិវាទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត ÷ ទីក្រុងផ្តល់ភាពកក់ក្តៅ" នៅបរិវេណសួននាគសន្តិភាព ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ទិវាទីក្រុងស្អាតលើកទី៧ មានការចូលរួមកិច្ចសហការរៀបចំពីសាលាក្រុងបាត់ដំបង មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត អាជីវករ សិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមប្រមាណ ៤០០ នាក់។

នៅក្នុងពិធីនេះដែរ ឯកឧត្តម បានលើកឡើងថា បើយើងចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ឯកឧត្តមអភិបាលរងបានបញ្ជាក់ថា ដើម្បីរក្សាបាននូវជ័យលាភីជាប់ចំណាត់ថ្នាក់ទទួលពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល៣ទង ២ឆ្នាំជាប់គ្នាកន្លងមក។ ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅតាមផ្ទះ ទីកន្លែងសាធារណ:នានា ក្នុងទីក្រុងនិងជនបទ ដើម្បីទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាតនិងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនានិងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងទីក្រុងស្អាតពីថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។

ឯកឧត្តម បានបន្តថា ការចូលរួមសម្អាតអនាម័យបរិស្ថាននេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗយើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាតនិងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀតដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរលោកបានអានសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតជូនអង្គពិធី រួចនាំគ្នាដើររើសសម្រាមសម្អាតទីក្រុងទាំងអស់គ្នាផងដែរ។

បន្ទាប់ពីធ្វើការសម្អាតអនាម័យតាមដងផ្លូវ ឯកឧត្តម បានបន្តពិនិត្យសួនសាធារណៈ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង ។ មានវីឌីអូរនៅខាងក្រោម ៖

ប្រភពវីឌីអូរ CNC

អត្ថបទទាក់ទង