នៅព្រឹកថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកសំឡូត ខេត្តបាត់ដំបង
នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក អភិបាលស្រុក មេឃុំ អង្គភាពដោះមីននានាក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច បានអំពាវនាវដល់អាជ្ញាធរទូទាំងខេត្តបាត់ដំបង បង្កើតនូវការអប់រំផ្សព្វផ្សាយអំពីបញ្ហាមីន ជាពិសេសស្រុក ឬតំបន់ណាដែលមានចំការមីននៅឡើយ ត្រូវតែងបង្កើនការអប់រំឱ្យបានខ្លាំងខ្លាបន្ថែមទៀត ជាពិសេសនៅពេលមានប្រជាពលរដ្ឋចំណាកស្រុកមកថ្មីត្រូវចុះអប់រំផ្សព្វផ្សាយដល់ពួកឱ្យយល់ដឹងអំពីបញ្ហាមីន និងពន្យល់ពួកឱ្យបានទាន់ពេលវេលា កុំឱ្យពួកចូលទៅកាន់តំបន់ចំការមីនខ្លាចមានគ្រោះថ្នាក់ផងដែរ។
ម្យ៉ាងវិញទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវតាមបណ្តាសាលារៀនត្រូវបញ្ឈប់យកសំបកមីន និងគ្រាប់មីនធំៗ ដើម្បីយកទៅធ្វើជាជួងវ៉ៃក្នុងសាលាផង ជាពិសេសមាតាបិតាត្រូវចូលរួមអប់រំកុមារតូចៗកុំឱ្យលេងគ្រាប់មីន ដើម្បីជៀសផុតពីគ្រោះផ្សេងៗពីគ្រាប់មីនផងដែរ៕