រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៦ វត្ត ក្នុងខេត្តបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០ លោកជំទាវ ញ៉ែម សាខន ស ខេង បាននាំនូវទៀនចាំព្រះវស្សា រួមទាំងទេយ្យទាន និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគេនដល់ព្រះសង្ឃចំនួន ៣៦វត្ត ស្ថិតក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក អភិបាល ក្រុង ស្រុក និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

សូមជម្រាបជូនថា ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង ៣៦វត្តនោះ រួមមានទៀនចាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, ស្លាដក, ភេសជ្ជៈ, ទឹកសុទ្ធ, អង្ករ, ផ្លែឈើមួយកន្ត្រក, ទឹកត្រី, ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀត ទេយ្យទានទាំងអស់នេះ ប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តបិណ្ឌបាទចង្ហាន់នោះ ។

ចំពោះពិធីបុណ្យប្រគេនទៀនចាំព្រះវស្សា និងបរិក្ខាផ្សេងៗនេះ ក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងភរិយារបស់សម្ដេច ព្រមទាំងមាតាបិត ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនពលរដ្ឋដូចបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១ ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែនាំទៀនចាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគ្រប់ៗវត្ត ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលា នៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ៕

អត្ថបទទាក់ទង