រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារបស់មន្ត្រីនគរបាលយុត្តិធម៌ លើបញ្ហាប្រឈមក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង និងលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារបស់មន្ត្រីនគរបាលយុត្តិធម៌ លើបញ្ហាប្រឈមក្នុងយុទ្ធនាកាដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ស្នងការរងខេត្ត មេបញ្ជាការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុង ស្រុក កងរាជអាវុធហត្ថក្រុង ស្រុក បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និងអស់លោក លោកស្រី មួយចំនួនទៀត។

លោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង បានអានរបាយការណ៍សង្ខេបអំពីសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងខេត្ត និងបានលើកឡើងអំពីទិន្នន័យសំណុំរឿង ដែលបានដោះស្រាយ និងសំណុំរឿងដែលសេសសល់កំពុងដំណើរការដោះស្រាយផងដែរ។

លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត បានលើកឡើងឱ្យដឹងថា ចំពោះទិន្នន័យសំណុំរឿង ដែលយើងបានធ្វើការដោះស្រាយកន្លងមកនេះ មានប្រមាណ ៧០% បានធ្វើការដោះស្រាយរួចផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លៃងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលយុត្តិធម៌ និងសាលាដំបូង ព្រមទាំងអយ្យការសាលាដំបូងខេត្ត ដែលបានរួមគ្នាក្នុងដោះស្រាយពាក្យបណ្តឹងនានាកន្លងមកនេះ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលយុតិធម៌ មន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវលើកឡើងអំពីបញ្ហាប្រឈម ដែលជួបកន្លងនៅក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាបានទាន់ពេលវេលា និងចំគោលដៅរឹសគល់នៃបញ្ហា ដើម្បីពន្លឿននៃការដោះស្រាយពាក្យបណ្តឹងផងដែរ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានប្រសាសន៍ទៀតថា ប្រសិនបើសាលប្រជុំជំរះក្តីសាលាដំបូងខេត្ត មមាញឹកជាន់គ្នា មិនអាចជំរះក្តីបានទាន់ពេលវេលា អាចខ្ចីសាលប្រជុំសាលាខេត្ត ដើម្បីធ្វើជំរះក្តីជាបណ្តោះអាសន្នបានផងដែរ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានលើកឡើងអំពីបញ្ហាការភ្នាល់ល្បែងទឹកភ្លៀង ដែលមានសារព័ត៌មាន និងគេហទំព័រមួយចំនួនបានធ្វើផុសឡើង ដែលធ្វើឱ្យអាប់អោនកិត្តិយសការគ្រប់គ្រង មុខមាត់របស់ថ្នាក់ដឹកនាំនានាកន្លងមក តើយើងអាចធ្វើការបង្ក្រាបបានដែរ ឬទេជុំវិញករណីទឹកភ្លៀងនេះ និងស្នើសុំស្នងការនគរបាលខេត្តពិនិត្យអំពីកិច្ចការនេះផងដែរ៕

អត្ថបទទាក់ទង