រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅសាលាខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរចនាសម្ព័ន្ធខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នាចុងឆ្នាំ២០១៩ កន្លងមក បើទោះយើងកំពុងបញ្ហាស្ថានភាពលំបាកដោយសារការរីករាលដាលជម្ញឺកូវីដ១៩ រដ្ឋបាលខេត្តនៅតែបន្តអនុវត្តគោលនយោបាយការដាក់ចេញការកំណែទ្ររបស់រាជរដ្ឋាភិបាលលើការងារការផ្ទេរមុខងារលើកវិស័យសុខាភិបាលផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាម គោលការណ៍និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ។ ប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែងការគាំទ្រ ផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត។

សូមបញ្ជាក់បន្ថែមថា ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឱ្យមកស្ថិតក្រោមរចនាសម្ព័ន្ធខេត្តនាពេលនេះ មានបុគ្គលកចំនួនប្រមាណ ១៣០០ នាក់ ព្រមទាំងធនធាន និងការទទួលខុសត្រូវមករដ្ឋបាលខេត្តផងដែរ៕

អត្ថបទទាក់ទង