រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពី ការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ អាងទំនប់ និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងការគ្រប់គ្រងសំណង់ នៅសាលាខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពីស្តីពី ការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ អាងទំនប់ និងដីចំណីប្រឡាយ អាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងការគ្រប់គ្រងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

នៅក្នុងអង្គវេទិកា ក៏មានការអញ្ជើញចូលរួមពី លោកសឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលេខត្ត ទទួលបន្ទុកវិស័យដីធ្លី លោកប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ លោកអភិបាល អភិបារងក្រុង ស្រុក ការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ចៅសង្កាត់ក្នុងក្រុង ក្រុមជាងម៉ៅការសំណង់ និងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ក្នុងក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈខេត្តបាត់ដំបង ទទួលបន្ទុកការងារវិស័យដីធ្លី បានលើកឡើងថា កន្លងមកមានមេឃុំ នៅតាមស្រុកមួយចំនួន ដោយចង់អភិវឌ្ឍភូមិឃុំរបស់ខ្លួន ក៏អនុញ្ញាតឲ្យមានការចាក់ដីលុបស្ទឹង លុបប្រឡាយរបស់រដ្ឋ មិនបានសិក្សាលើច្បាប់ធនធានទឹក និងច្បាប់សំណង់ជាដើម ។

លោកបានបន្តថា បញ្ហានេះរាល់មេឃុំចៅសង្កាត់ មុននឹងអនុញ្ញាតធ្វើអ្វីមួយ ត្រូវសិក្សាពីច្បាប់ជាមុនសិន មិនត្រូវប្រើច្បាប់ស្វ័យភាពរបស់ខ្លួន ដោយមិនបានមើលមុខមើលក្រោយ នៃច្បាប់ឲ្យបានច្បាស់លាស់ ធ្វើអ្វីដោយចិត្តឯង បើក្រុមប្រឹក្សាឃុំសង្កាត់ធ្វើបែបនេះ គឺអាចរំសាយចោល ហើយរៀបចំឡើងវិញ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើអាជីវកម្មវិស័យអចលនទ្រព្យ មុននឹងចង់វិនិយោគលើអាជីវកម្មរបស់ខ្លួន ត្រូវសិក្សាស្វែងយល់ពីតំបន់នីមួយៗឲ្យបានច្បាស់លាស់ មុននឹងដាក់ទុនវិនិយោគ ចៀសវាងមានផលប៉ះពាល់ ។

ឯកឧត្តម បានបញ្ជាក់ថា តែយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត នឹងផ្ដល់លទ្ធភាព លើកទឹកចិត្តឲ្យមានការវិនិយោគផ្នែកអចលនាទ្រព្យក្នុងខេត្ត តាមរយៈការផ្ដល់ឯកសាររដ្ឋបាលដោយមានគណនេយ្យ តម្លាភាព លឿនរហ័ស ប៉ុន្តែខាងម្ចាស់អាជីវកម្ម ក៏ត្រូវសិក្សាពីប្រព័ន្ធលូ បណ្ដាញអគ្គិសនី ទឹក និងផ្លូវជាដើម ដោយអនុវត្តឲ្យត្រឹមត្រូវតាមកិច្ចសន្យា និងផ្នែកច្បាប់ ។

គួរបញ្ជាក់ថា កន្លងមកពាក់ព័ន្ធនឹងច្បាប់ស្វ័យភាពរបស់ខ្លួនដោយខុសច្បាប់នេះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ទោះរដ្ឋបាលខេត្តមិនមានសិទ្ធិបញ្ឈជើង ឬបញ្ចប់ការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ធ្វើខុសច្បាប់ ប៉ុន្តែខេត្តមានសិទ្ធិដាក់សំណើទៅលើ ឲ្យដកចេញបាន ហើយអភិបាលខេត្តប្រាប់ទៅ ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខុសច្បាប់ជាដាច់ខាត ៕

អត្ថបទទាក់ទង