នៅល្ងាចថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារក្រីក្រចំនួន ៥០ គ្រួសារ ដែលស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅក្នុងពិធីសំណេះសំណាលនេះដែរក៏មានការអញ្ជើញចូលរួមពី លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ឯកឧត្តម ងួន រតនៈ បានប្រសាសន៍ថា ដោយសារមានវិបិត្តជម្ងឺកូវីដ១៩ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនពិបាកក្នុងប្រកបមុខរបរទទួលទានប្រចាំថ្ងៃ ដូច្នេះអាជ្ញាធរខេត្ត និងក្រុមការងារបានរួមគ្នាធ្វើការដោះស្រាយជូនបងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនាពេលនេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលបានថ្លែងថា " មិនឱ្យគ្រួសារណាមួយស្លាប់ដោយសារដាច់ស្បៀងនោះទេ " ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកអាជ្ញាធរខេត្ត ក្រុង ស្រុក បានរួមសហការណ៍គ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះមហន្តរាយកន្ត្រាក់ ផ្សេងៗ ប្រមាណ ១ ពាន់គ្រួសារនៅតាមបណ្តាក្រុង ស្រុក មួយចំនួន។
ថ្លែងក្នុងឱកាសនោះដែល ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ផ្តល់ផ្លូវបេតុងសរសៃដែក ១ខ្សែចាប់ប្រឡាយចំការសំរោងដល់ផ្លូវតាំងណាំសែ ដែលមានប្រវែងប្រមាណ ៩៥០ ម៉ែត្រ (ផ្លូវលេខ៥០៧ ចាប់ពីផ្លូវលេខ៥៣០ ដល់ផ្លូវលេខ៥៤០) ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់លើកក្នុងអង្គវេទិកាសាធារណៈ ហើយអាជ្ញាធរខេត្តកំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់នឹងគ្រោងសាងសង់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលឱ្យមានភាពងាយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕
សូមជម្រាបជូនដែលថាអំណោយដែលនបងប្អូនប្រជាពលរដ្ឋក្រីក្រទទួលបាននាពេលនោះរួមមានអង្ករ ១០ គីឡូក្រាម និងគ្រឿងឧបរិភោគបរិភោគមួយចំនួនទៀតផងដែរ៕