នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំឧ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនគារជាតិនៃកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតិភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ " កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ " នៅសាលមហាស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន លោកអភិបាល អភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលក្រុង ស្រុក និងចៅសង្កាត់ផងដែរ។
ក្រោយពីមតិស្វាគមន៍របស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលា និងលោកបណ្ឌិត អិន ប្រធានសហគមន៍ធនាគារនៅកម្ពុជា បានឡើងធ្វើចំណាប់អារម្មណ៍ក្នុងអង្គសិក្ខាសាលាផងដែរ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា នៅក្នុងអំឡុងដែលកំពុងរីករាលដាលជំងឺកូវិដ ១៩ មានអតិថិជនមួយចំនួនបានស្នើសុំទៅគ្រិះស្ថាន ដើម្បីសម្រួលនូវប្រាក់កម្ចីរបស់ខ្លួន (បង់ត្រឹមតែការប្រាក់ ឬនិង រំកិលប្រាក់ដើម) តែត្រូវគ្រឹះស្ថានមិនអនុញ្ញាត ដោយសំអាងថា អតិថិជននោះមិនស្ថិតនៅក្នុងវិស័យចម្បងទាំង ៤ ដែលមានចែងនៅក្នុងសារាចរណ៍នាំរបស់ធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញវិធានការមួយចំនួន ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់, ការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩, ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងការលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនផងដែរ៕