រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង

  • 2.4ពាន់
  • ដោយ SokMean

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង ។

ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាល ក្រុង ស្រុក លោក មេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការចំណុះឲ្យ រដ្ឋបាលខេត្តបាត់ដំបង សរុបជាង១០០០នាក់ ។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ និង១ព្រឹក ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលពិធីបើក ក្រោមអធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទី និងជានាយសេនាធិការយោធភូមិភាគទី៥ និងព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ជាពិធីបិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នៅក្នុងពីធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអានរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈម នានា ក្នុងអង្គសន្និបាត ព្រមទាំងបានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន៨ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ជាមួយគ្នានោះ អង្គសន្និបាត បានពិភាក្សា រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

ថ្លែងក្នុងឱកាសបិទសន្និបាតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សន្និបាតរដ្ឋបាលខេត្តបាត់ដំបង មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្ត ប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។

សន្និបាតបានអញ្ជើញតំណាងអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ចនានា ចូលរួម ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ បានរួមគ្នាពិនិត្យ វាយតម្លៃនូវសមិទ្ធផលការងារ ដែលខេត្តសម្រេចបានរយៈពេល១ឆ្នាំកន្លងមក និងការងារដែលនៅសេសសស់ ខ្វះចន្លោះ និងកំណត់បញ្ហាប្រឈមដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព និងមានភាពសក្ត័សិទ្ធិ ដែលអាចធានា ឆ្លើយតបបាននូវតម្រូវការចាំបាច់ និងពិតប្រាកដនៅមូលដ្ឋាន។

សម្តេចបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត សម្តេចបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាន គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សម្តេចក្រឡាហោម បានណែនាំ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

នៅក្នុងឱកាសនោះ សម្តេចសូមឲ្យអាជ្ញាធរមូលដ្ឋាន ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋសំណូមពរ ថែរក្សាគ្រប់គ្រងទឹក សម្រាប់ជួបគ្រោះរាំងស្ងួត ថែរក្សាការពារអភិរក្សតំបន់មួយចំនួន អប់រំយុវជនកុំឲ្យប្រើប្រាស់គ្រឿងញៀន ជួយដល់ប្រជាកសិករ លើការងារបង្កបង្កើនផល ប្រកបដោយគុណភាព ស្របទៅនឹងទីផ្សារផងដែរ។
សម្តេចក៏បានជំរុញឲ្យអាជ្ញាធរខេត្ត រៀបចំបរិវេណផ្សារឲ្យមានសណ្តាប់ធ្នាប់ មានអនាម័យ សោភ័ណភាព មានទីកន្លែងចាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបំពាក់ឯកសណ្ឋាន និងសញ្ញាសក្តិ គ្រឿងឥស្សរយសជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អផងដែរ។

នៅក្នុងពិធីបិទអង្គសន្និបាត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអាជ្ញាធររដ្ឋបាលខេត្ត បាត់ដំបង ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ធ្វើការសិក្សារកទីតាំងក្នុងការកសាង បណ្ណាល័យថ្មី ដែលបំពាក់ដោយគ្រឿងសង្ហារឹម និងសម្ភារបច្ចេកទេសព័ត៌មានវិទ្យា សម្រាប់បម្រើដល់ការអាន ការស្រាវជ្រាវរបស់ក្មួយៗជាសិស្សនិស្សិត និងមហាជនទូទៅក្នុងខេត្តនេះ។ នេះក៏ជាគុណប្រយោជន៍ដល់ការ រក្សាទុកនូវមរតក ស្នាដៃជាច្រើនទៀត ដែលអ្នកនិពន្ធមួយចំនួនបានសរសេរ និងបានបន្សល់ទុកនូវស្នាដៃខ្លួន ដែលទាក់ទិនពីប្រវត្តិសាស្ត្រ និងទឹកដីរបស់ខេត្តផងដែរ។ សម្តេចក្រឡាហោម ឲ្យដឹងផងដែរថា បណ្តាល័យ ដែលត្រូវសាងសង់ ថ្មីនេះ គឺសម្តេចជាអ្នកផ្តល់ថវិកាក្នុងការកសាងផ្ទាល់។

ជាមួយនឹងការផ្តល់នូវសមិទ្ធផលអគារបណ្ណាល័យថ្មីនេះ សម្តេច ក្រឡាហោម បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ ថា អគារបណ្ណាល័យថ្មីនេះ ត្រូវតែរៀបចំឲ្យមានសោភណភាពប្រកបដោយការទាក់ទាញ ដល់មហាជនទូទៅ ដែលបានចូលទៅអាន និងស្រាវជ្រាវនៅទីនោះ។ មិនតែប៉ុណ្ណោះ សម្តេច និងផ្តល់ការលើកទឹកចិត្តដល់ការ សាងសង់បណ្ណាល័យទីនោះ ដោយជំរុញឲ្យអាជ្ញាធរខេត្តសិក្សារៀបចំឲ្យមានបុគ្គលិកបម្រើការ ការងារថែទាំ រៀបចំទុកដាក់ចេះគ្រប់គ្រង និងបំពេញការងារឲ្យបានល្អនៅកន្លែងនោះ។ ក្នុងបណ្ណាល័យថ្មីនេះ សម្តេចក៏បាន អនុញ្ញាតឲ្យមានកន្លែងសមស្របក្នុងការលក់កាហ្វេ និងលក់នំស្ងួតក្រៀមនៅទីនោះថែមទៀតផង។

សម្តេចក្រឡាហោម ស​ ខេង ក៏បានអំពាវនាវ និងបានកៀងគរក្នុងការស្វែងរកថវិកា ដើម្បីបង្ហើយការសាងសង់ សំណង់អគារអតីតបណ្ណាល័យមួយកន្លែង ដែលលោកឧកញ៉ា បាន ឌឿន ហៅភោគ បានកសាងកន្លងមក តែមិនទាន់រួចរាល់ ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងUBB។ ជាអកុសល លោក បាន ឌឿន ដែលជាម្ចាស់កសាងគាត់បានលាចាកលោកទៅហើយ និងបានបន្សល់ទុកសំណង់ នៅមិនទាន់សាងសង់រួច ទើបសម្តេចសម្រេចទទួលយកដើម្បីកសាងបញ្ចប់ឲ្យរួចរាល់ ដោយគ្រោងថវិកាសម្រាប់កសាងបញ្ចប់ ដោយត្រូវ ការថវិកាសរុប ប្រមាណ៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ទើបសាងសង់រួច៕

អត្ថបទទាក់ទង