រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍នាំទឹកយកទៅប្រើប្រាស់ប្រចាំថ្ងៃ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយមានការណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់តាំង លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ ចុះអន្តរាគមន៍នាំទឹកពីប្រឡាយរងលេខ៧ យកមកប្រើប្រាស់ប្រចាំថ្ងៃ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកសង្កែ គាស់ក្រឡ និងស្រុកមោងឫស្សី មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន។

នៅដំណើរការចុះអន្តរាគមន៍នាំទឹក លោក អ៊ុយ សុធាវី បានស្នើសុំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់ធ្វើសកម្មភាពបូមទឹកដាក់ស្រែ សូមមេត្តាផ្អាកជាបណ្តោះអាសន្ន ដើម្បីឱ្យទឹកអាចហូកចាក់ទៅក្រោម ដល់ឃុំកំពង់ព្រះ ដែលកុំជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។

សូមជម្រាបជូនដែរថា នៅក្នុងបេសកកម្មចុះអន្តរាគមន៍នាំទឹកយកទៅប្រើប្រាស់នាឱកាសនោះ លោកអភិបាលស្រុកគាស់ក្រឡ ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលនៅមូលដ្ឋានរបស់ខ្លួន ផ្អាកសកម្មភាពបូមទឹកដាក់ស្រែសិន ដើម្បីនាំទឹកយកទៅប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា ក្នុងការចុះបើកទឹកនេះ ដែរក្រុមការងារចុះបិទលូរ រើដុំថ្ម និងសម្រាះ ដែលបងប្អូនប្រជាពលដាក់ខាំងទឹកសម្រាប់បូមដាក់ស្រែ ដែលលោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថា ទឹកនៅខាងលើក៏មិនមានច្រើនប៉ុន្មានដែរ បើពុំមានអ្នកខាងលើបូមទឹក ដាក់ធ្វើស្រែនោះទេ កម្លាំងទឹកដែលទម្លាក់នេះ អាចមកដល់គោលដៅ សម្រាប់ពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំ ទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ ព្រោះទុកឲ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ។

អត្ថបទទាក់ទង