នាល្ងាចថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលរងខេត្ត និងអាជ្ញាធរស្រុក ឃុំ បាននាំអំណោយជាស្បៀងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យកទៅចែកជូនជនក្រីក្រខ្លាំចំនួន ៥០គ្រួសារមកពី ៣ឃុំនៅក្នុងស្រុកសង្កែ ក្នុងបរិវេណវត្តព្រៃរកាស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះដោយសារមានជម្ងឺសកល Covide-19 បានឆ្លងរីករាលដាលនៅលើពិភពលោក ឯនៅកម្ពុជាក៏មានឆ្លងនាំចូលពីក្រៅប្រទេសផងដែរ បច្ចុប្បន្នក្នុងប្រទេសយើងបានជាសះស្បើយអស់ហើយ តែវាធ្វើឲ្យមានការប៉ះពាល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់
នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ទីកន្លែងផងដែរ។
ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅនេះហើយ ទើបសម្តេចក្រឡាហោម ស ខេង បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អំណោយដែលបានចែកជូននាពេលនេះ ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនេះ ហើយអំណោយដែលបានចែកជូនទាំង៥០គ្រួសារនាពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម សាប៊ូ២ដុំ និងថវិកាមួយចំនួន។ ដោយឡែកថវិកាចំនួន៤០ម៉ឺនរៀលបានប្រគេនព្រះចៅអធិការវត្តព្រៃរកាសម្រាប់រួមចំណែកកសាងវត្តផងដែរ។
លោកអភិបាលបានផ្តាំផ្ញើដល់បងប្អូនទាំងគ្រួសារថា សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាដៃជាមួយសាប៊ូ ទឹកអាល់កុល ពាក់ម៉ាសជាប្រចាំពេលចេញទៅក្រៅផ្ទះ និងប្រមូលផ្តុំគ្នាច្រើនបើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរោគ COVID-19 ថ្មីនេះ៕