រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការរដ្ឋបាលខេត្ត ដើម្បី ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការទប់ ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានាតាមព្រំដែនកម្ពុជា-ថៃដើម្បីមានវិធានការពារឆ្លងជំងឺ COVID-19

  • 1.1ពាន់
  • ដោយ Sotheavy


នារសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅសាលាខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់អភិបាលរងខេត្ត ថ្នាក់មេបញ្ជាការយោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងខេត្ត ក្រុង.ស្រុក ខេត្ត មេបញ្ជាការ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត កងនគរបាល និងយោធាវរសេនាតូចការពារព្រំដែនគោក និងមន្រ្តីពាក់ព័ន្ធចូលរួមជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍និងអំណានសេចល្តីជូនដំណឹងលេខ១៣៩៦របស់ក្រសួងមហាផ្ទៃក្នុងអង្គប្រជុំរួចមក ឯកឧត្ត ងួន រតនៈ បានអនុញាតឱ្យប្រធានអង្គភាពនីមួយៗឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើង តាមជំនាញរបស់ខ្លួនក្នុងនោះលោកបានសង្កត់ធ្ងន់អំពីការឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានាព្រំដែនកម្ពុជា-ថៃ កន្លងមក។

នៅក្នុងកិច្ចប្រជុំនេះដែរ សមត្ថកិច្វពាក់ព័ន្ធមួយបានថ្លែងនូវការលំបាកមួយចំនួនដែលខាងភាគីថៃមិនសហការល្អជាមួយភាគីខ្មែរដោយពេលខ្លះខ្មែរយើងបានបិទមិនឲ្យចេញ ចូល ឆ្លងដែន តែថៃលួចឲ្យចេញចូលឆ្លងដែនដើម្បីយកលុយពីប្រជាពលរដ្ឋខ្មែរផងដែរ ម៉្យាងវិញទៀតពលករខ្មែរបានឆ្លងដែនតាមរយៈមេខ្យល់ដឹកនាំ ឬថៅកែថៃអនុញ្ញាតឲ្យចូលទៅទឹកដីថៃ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកកិច្ចការព្រំដែនគោកបានបញ្ជាក់ថា ករណីពលករលួចឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានា ដែលក្រសួងមហាផ្ទៃបានសម្រេចឲ្យបិទច្រករបៀងទាំងស្រុងទូទាំងប្រទេសមិនឲ្យមានបើកបន្តទៀតគឺដើម្បីទប់ស្កាត់ការឆ្លងជម្ងឺCOVID-19ជាថ្មីម្តងទៀត។

ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា បានបន្តថាករណីពលករឆ្លងដែនដោយខុសច្បាប់ដើម្បីទៅធ្វើការនៅប្រទេសថៃកន្លងមក ពលករខ្លះគឺមានការបាត់ខ្លួនដោយសារថៃបាញ់សម្លាប់ចោល ពលករខ្មែរខ្លះទៀតបានជាប់ទោសដោយបទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗទៀត។

ឯកឧត្តម ងួន រតនៈ បានជម្រាបដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចប្រជុំថា យើងរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ១៣៩៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ គឺដើម្បីសុខសុវត្ថិភាពប្រទេសជាតិនិងប្រជាពលរដ្ឋយើង។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ខេត្តយើងបើកកិច្ចប្រជុំបន្ទាន់ស្តីពីការបិទច្រករបៀងនេះ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរលកទី២នៃជំងឺ COVID-19 ខណ:ប្រទេសកម្ពុជាយើងកំពុងជាសះស្បើយអស់ហើយនិងប្រទេសជិតខាងកំពុងប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការបូកសរុប ក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នារក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងខេត្តរស់នៅ គ្មានការភ័យខ្លាចបានសុខសាន្ត និងសុវត្ថិភាពផងដែរ៕

អត្ថបទទាក់ទង